ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី នៃកម្ពុជា មុនពេលប្រគល់ញញួរប្រធានអាស៊ាន ជូនឯកឧត្តម ប្រធានាធិបតីឥណ្ឌូនេស៊ី បានរម្លឹកថាចាប់ពីពេលទទួលញញួរប្រធានអាស៊ាន កាលពី ខែតុលា ឆ្នាំ២០២១ សម្ដេចបានឆ្លងកាត់ពេលវេលាប្រកបដោយអនុស្សាវរិយ៍ និងជាប្រវត្តិសាស្រ្តទាំងសម្រាប់សម្ដេចផ្ទាល់ និងប្រជាជនកម្ពុជាទាំងមូល។

សម្ដេច​តេជោ បានបន្តថាក្នុងពេលកំពុងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុកបានកើតឡើង ដោយបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងសេដ្ឋកិច្ច។ សម្ដេចទំនងចង់និយាយអំពីការកើតមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ យ៉ាងណាក៏ដោយ សម្ដេចបន្ថែមថាអាស៊ានបានគ្រប់គ្រង និងសម្របសម្រួលបញ្ហាប្រឈមទាំងអស់នេះជាមួយគ្នា។

នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន ប្រមុខប្រទេស និងស្ថាប័នដៃគូអាស៊ាន សម្ដេចបានបង្ហាញក្ដីរីករាយដែលកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានេះ បានបញ្ចប់ដោយជោគជ័យ និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ ការគាំទ្រ និងភាពទន់ភ្លន់ដែលថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូ បានធ្វើឱ្យមានលទ្ធផលច្រើនគួរជាទីមោទកក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ។

សម្ដេចមានប្រសាសន៍ថា«សេចក្ដីរីករាយដែលខ្ញុំបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដោយផ្ទាល់សម្រាប់ថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់គ្នានៅរាជធានីភ្នំពេញនេះ មិនអាចវាស់វែងបាននោះទេ។ រយៈពេល២ឆ្នាំកន្លងទៅ ការទាក់ទងគ្នាដោយផ្ទាល់ត្រូវបានបន្ទុចបង្អាក់ដោយជំងឺកូវីដ-១៩ និងការបំប្លែងថ្មីនៃមេរោគនេះ។ ជាការពិត កិច្ចប្រជុំកំពូលចំនួន១៦បានប្រព្រឹត្តទៅត្រឹមរយៈពេល៤ថ្ងៃគឺជារឿងលំបាក ជាពិសេសនៅចំពេលពោពេញដោយបញ្ហាប្រឈម»។

បើតាមសម្ដេច រយៈពេល៤ថ្ងៃនេះ អាស៊ានសម្រេចបានកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ប្រកបដោយផ្លែផ្កាលើកិច្ចការបន្តទៅមុខដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃអាស៊ានក្នុងកិច្ចទំនាក់ទំនងជាមួយដៃគូខាងក្រៅ ពិសេសក្នុងពេលពិភពលោកកំពុងជួបប្រទះ ក្នុងនោះអាស៊ានក៏បានអនុម័ត និងកត់សម្គាល់ឯកសារសមិទ្ធផល និងសេចក្ដីប្រកាសចំនួន៧០ និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ានជាច្រើនទៀត៕

Share.