ជំហរជួយបណ្ដុះបណ្ដាលជំនាញដោះមីនដល់ប្រទេសអ៊ុយក្រែន ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បញ្ជាក់ម្ដងហើយម្ដងទៀតនៅរៀងរាល់ពេលដែលសម្ដេច ជួបពិភាក្សាទ្វេភាគីជាមួយបណ្ដាមេដឹកនាំសំខាន់ៗ ក្នុងនោះមានដូចជាប្រធានាធិបតីអាមេរិក ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងនាយករដ្ឋមន្រ្តីកាណាដាជាដើម។

តាមរយៈជំនួបជាមួយឥស្សរជនបរទេសទាំង៣រូបខាងលើនេះ និងដោយផ្អែកលើខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថាការបណ្ដះបណ្ដាលជំនាញដោះមីននេះ នឹងធ្វើឡើងនៅលើទឹកដីនៃប្រទេសប៉ូឡូញ ដោយមានកិច្ចសហការពីប្រទេសជប៉ុន។

សម្ដេចតេជោ បានលើកឡើងពីការបញ្ជូនសំណើរបស់អ៊ុយក្រែនទៅរដ្ឋាភិបាលជប៉ុន ដើម្បីជួយផ្តល់​ឧបករណ៍​ដោះមីនសម្រាប់ប្រតិបត្តិការដោះមីននៅអ៊ុយក្រែន និងបនុ្តថាជំនួយបណ្ដុះបណ្ដាលជំនាញដោះមីននេះ​ នឹងធ្វើឡើងក្រោមកិច្ចសហការរវាងកម្ពុជា និងជប៉ុន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

គួររម្លឹកថា ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងតាមប្រព័ន្ធទូរសព្ទថាដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជាទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកកឧត្តមប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ដែលបង្ហាញការពេញចិត្ត និងថ្លែងអំណរគុណកម្ពុជាដែលគាំទ្រនិងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តមហាសន្និបាតអង្គការសហប្រជាតិ និងជំហរជាក់លាក់មិនគាំទ្ររុស្ស៊ីចូលឈ្លានពានសង្គ្រាមអ៊ុយក្រែន​នោះ បានថ្លែងអំណរគុណសម្ដេច និងស្វាគមន៍កម្ពុជាដែលមានបំណងផ្តល់ជំនួយខាងដោះមីននេះមកកាន់ប្រទេសអ៊ុយក្រែន។

មជ្ឈមណ្ឌលសកម្មភាពកម្ចាស់មីនកម្ពុជា ហៅកាត់ថា CMAC ធ្លាប់បានចេញផ្សាយខ្លឹមសារ អមដោយរូបភាពមីនតោន និងការបំផ្ទុះរថក្រោះនៅប្រទេសអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី។ បើតាម CMAC គ្រាប់មីនតោនក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន បានផ្ទុះកម្ទេចរថក្រោះរថពាសដែកយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែនៅក្រោយពេលសង្គ្រាមបញ្ចប់ទៅ គ្រាប់មីនតោនដែលនៅសល់កប់ក្នុងដី នឹងបន្តផ្ទុះកំទេចត្រាក់ទ័រកសិកម្ម និងបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តពលរដ្ឋអ៊ុយក្រែនវិញម្តងជាមិនខាន។

«កម្ពុជាមានពិសោធន៍ជាមួយសំណល់យុទ្ធសង្គ្រាម ដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់មីនប្រឆាំងមនុស្ស គ្រាប់មីនតោន ឬមីនប្រឆាំងរថក្រោះ គ្រាប់បែកចង្កោម គ្រាប់បែកគីមី… មានអាយុជាង ៥០-៦០ ឆ្នាំមកហេីយ នៅតែមានប្រសិទ្ធភាពសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បតិ្តប្រជាពលរដ្ឋរហូតមកទល់សព្វថ្ងៃ។ អ្វីដែលជាថតភាព គឺគ្រាប់មីនតោននៅកម្ពុជា នៅតែមានសមត្ថភាពផ្ទុះបំផ្លាញត្រាក់ទ័រ ម៉ាសុីនច្រូតស្រូវ រថយន្ត និងសម្លាប់ពលរដ្ឋខ្មែរនៅឡេីយ!…»។ នេះជាការបន្ថែមរបស់CMAC។

សូមបញ្ជាក់ថាកម្ពុជាបានបញ្ជូនកងទ័ពជំនាញផ្សេងទៅបំពេញបេសកកម្មមនុស្សធម៌នៅក្រៅប្រទេស ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងនោះក៏មានជំនាញដោះមីននេះដែរ។ បច្ចុប្បន្ន កម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត៨០០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល៕

Share.