«គេថាខ្ញុំចាស់ ប៉ុន្តែយើងធ្វើការក្នុងម្សិលមិញ ចាប់ពីម៉ោង៦ព្រឹកភ្ញាក់ រហូតដល់ម៉ោង១យប់» នេះជាប្រយោគដំបូងដែលសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពេលធ្វើសន្និសីទកាសែត ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បន្ទាប់ពីរម្លឹកថាថ្ងៃម្សិលមិញ សម្ដេចធ្វើការងារ១៣ម៉ោងរួចជាស្រេច សម្ដេចបានបន្តថានៅថ្ងៃនេះ សម្ដេចបន្តធ្វើការងារ១១ម៉ោងរួចមកហើយ ដោយបន្ថែមជាសំណួរបែបលេងសើចថា«ដូច្នេះ ដូចជាមិនទាន់ចាស់ប៉ុន្មានទេអ្ហី?»។ សំណួរនេះបានធ្វើឱ្យមន្រ្តី និងក្រុមអ្នកកាសែតទះដៃកងរំពង។

ក្នុងបរិយាកាសប្រកបដោយភាពស្និតស្នាលរវាងនាយករដ្ឋមន្រ្តី និងក្រុមអ្នកកាសែតនោះដែរ សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងមានជំនួបប្រចាំឆ្នាំជាមួយអ្នកកាសែតនៅកម្ពុជាផងនោះ បានមានប្រសាន៍ទៅកាន់ក្រុមអ្នកកាសែតទៀតថា«ប្រយ័ត្នអ្នកសារព័ត៌មាន រត់មិនទាន់នាយករដ្ឋមន្រ្តី»។

សូមបញ្ជាក់ថាសន្និសីទសារព័ត៌មានដែលកំពុងប្រព្រឹត្តិទៅនៅវិមានសន្តិភាពនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ពោលគឺក្រោយការប្រគល់ញញួរប្រធានអាស៊ានជូនប្រធានាធិបតីឥណ្ឌូនេស៊ីដែលជាប្រធានប្ដូរវេនឆ្នាំ២០២៣៕

Share.