ថ្លែងក្នុងសន្និសីទសារព័ត៌មានពីវិមានសន្តិភាព ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ នាថ្ងៃទី១៣ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានបញ្ជាក់ច្បាស់ៗថាអាស៊ានមិនមែនជាកូនជឹងប្រទេសណាមួយនោះឡើយ។ ការថ្លែងរបស់សម្ដេចតេជោ ជាការឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ដែលចង់ដឹងថាអាស៊ានបារម្ភខ្លាចប្រទេសរុស្ស៊ីខឹងដែរឬទេ នៅពេលយល់ព្រមឱ្យអ៊ុយក្រែនចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ហៅកាត់ថាTAC។

សម្ដេចតេជោបានបន្ថែមថា«អាស៊ានមិនខ្វល់ថាអ្នកណាខឹងអ្នកណាទេ យើងទទួលយកស្មើៗគ្នា យើងឋិតនៅភាពជាកណ្ដាល ដូច្នេះយើងទទួលយកអ៊ុយក្រែន យើងមិនមែនធ្វើអាស៊ានគ្រាន់តែដើម្បីបម្រើឱ្យរុស្ស៊ី ឬធ្វើអាស៊ានបម្រើឱ្យអ៊ុយក្រែននោះទេ យើងធ្វើអាស៊ានដើម្បីទាក់ទងជាមួយដៃគូទាំងអស់របស់យើងដែលចង់ធ្វើទំនាក់ទំនងជាមួយយើង»។ បើតាមសម្ដេច រុស្ស៊ី ក៏គ្មានហេតុផលណាប្រឆាំងជំទាស់នឹងអាស៊ានដែលទទួលយកអ៊ុយក្រែនធ្វើជារដ្ឋហត្ថលេខីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍នោះដែរ។

ឆ្នាំ២០២២ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ មានប្រទេសចំនួន៧បានចុះហត្ថលេខាជារដ្ឋហត្ថលេខីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបានធ្វើដំណើរមកចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជាក្នុងនាមជាភ្ញៀវប្រធានអាស៊ាន និងបានចុះហត្ថលេខាលើសន្ធិសញ្ញានេះ។ TAC គឺជាសន្ធិសញ្ញាគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ លើកកម្ពស់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្តិវិធី៕

Share.