ប្រធានាធិបតី ឥណ្ឌូណេស៊ី ឯកឧត្ដម ចូកូ វីដូដូ បានថ្លែងថា អាស៊ានត្រូវតែជាមជ្ឈមណ្ឌល នៃកំណើនសេដ្ឋកិច្ចខ្លាំងប្រកបដោយ ចីរភាព និងបរិយាបន្ន។ ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាសនៃពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបន្ទាប់ពីសម្ដេចតេជោបានប្រគល់ញញួរប្រធានអាស៊ានជូនឥណ្ឌូនេស៊ីធ្វើជាប្រធានប្ដូរវេនឆ្នាំ២០២៣។

ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ីបានលើកឡើងថា ក្នុងនាមជាប្រធាន អាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២៣ ឥណ្ឌូណេស៊ី នឹងធ្វើឱ្យអាស៊ានក្លាយជាមជ្ឈមណ្ឌល នៃកំណើន ហើយអាស៊ាននឹងក្លាយជាតំបន់មួយប្រកបដោយសន្តិភាព និងមានស្ថិរភាព នៅក្នុងសកលលោក ហើយថាអាស៊ាននឹងមិនធ្វើឱ្យបញ្ហាភូមិសាស្រ្ត នយោបាយនាពេលបច្ចុប្បន្នឱ្យក្លាយទៅជាសង្រ្គាមត្រជាក់ថ្មីមួយនៅក្នុងតំបន់ទេ។

ឯកឧត្ដមបានអះអាងថា «កំណើនសេដ្ឋកិច្ចត្រូវតែជាកិច្ចការរបស់អាស៊ាន។ សមត្ថភាពអាស៊ាន ត្រូវតែបានពង្រឹងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងរយៈពេល ២០ឆ្នាំខាងមុខទៀត ដើម្បីក្លាយជាតំបន់មួយដែលមានភាពបន្ស៊ាំឆ្លើយតបទៅនឹង ការប្រកួតប្រជែង។ ខ្ញុំទន្ទឹងរង់ចាំចំពោះការគាំទ្រដើម្បីទទួលបានតំបន់អាស៊ានមួយដែលជោគជ័យ និងមានភាពមាំមួនទប់ទល់ បញ្ហាប្រឈមនាថ្ងៃអនាគត។ អាស៊ានត្រូវតែជាមជ្ឈមណ្ឌលនៃកំណើន សេដ្ឋកិច្ចខ្លាំង»។

សូមបញ្ជាក់ក្រោយទទួលបានញញួរប្រធានអាស៊ានពីសម្ដេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញ ឯកឧត្ត​ ចូកូ វីដូដូ បានបន្តវិលត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ ដើម្បីដឹកនាំកិច្ចប្រជុំកំពូលG20។ G20 ឬGroup of Twenty ជា​​​សន្និបាត​នៃ​បណ្ដា​​រដ្ឋាភិបាល​​​ប្រទេស​មានសេដ្ឋកិច្ច​​លូត​លាស់​ធំ​ៗបំផុត​២០​ប្រទេស​​​​លើ​ពិភព​លោក​។ ឥណ្ឌូនេស៊ី គឺជារដ្ឋមួយដែលមានប្រជាជនក៏ច្រើន និងសេដ្ឋកិច្ចក៏ធំប្រចាំតំបន់អាស៊ាន៕

Share.