កម្ពុជា បានឈ្នះមេដាយសរុប ៧គ្រឿង ក្នុងការប្រកួតព្រឹត្តិការណ៍ប៊ូល និងប៉េតង់ ជើងឯកអាស៊ីលើកទី៤ (the 4th Asian Boules Sport Confederation Petanque Championship Tournament) ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។

ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកម្ពុជា ដែលមានសមាជិកទាំងអស់ ២៧នាក់ បានដណ្ដើមមេដាយសរុប ៧គ្រឿងលើ៦វិញ្ញាសា។ មេដាយទាំង៧គ្រឿង ដែលកម្ពុជាដណ្តើមបានរួមមាន មេដាយមាស ចំនួន ៣គ្រឿង, មេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរឹទ្ធិចំនួន ២គ្រឿង។

មេដាយមាស ៣គ្រឿង៖
-យុវជនអាយុក្រោម ១៨ឆ្នាំ វាយយកពិន្ទុ៖ កីឡាករ អ៊ុត ដួងខែ
-បុរស វាយយកពិន្ទុ៖ កីឡាករ ថោង ឈឿន
-បុរស ៣នាក់ទល់៣នាក់ (A)៖ កីឡាករ ថោងឈឿន, យឹម សុភ័ណ្ឌ, សៅ សុភារ៉ាន់ និង តិប នរ៉ា

មេដាយប្រាក់ ២គ្រឿង៖
-នារី វាយយកពិន្ទុ ៖ កីឡាការិនី អ៊ុន ស្រីយ៉ា
-នារី ៣នាក់ទល់៣នាក់ ៖ កីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ឃួន យ៉ារី និង អ៊ុ ដាវីន

មេដាយសំរឹទ្ធ ២គ្រឿង៖
-យុវជនអាយុក្រោម ១៨ឆ្នាំ ៣នាក់ទល់៣នាក់ (B) ៖ កីឡាករ ភាព ផាឃិន, អ៊ុត សុខជា, នូច សុខេមរៈ និងកីឡាការិនី ហាក់ ស្រីនុត
-បុរស ៣នាក់ទល់៣នាក់ (B) ៖ កីឡាករ ហេង ស៊ូមៀន, ស៊ីន វង់, ញ៉ែម បូរ៉ា និង ពុធយ៉ុន ច័ន្ទដារ៉ា

វិញ្ញាសាដែលកម្ពុជា រកបានមេដាយមាសផង និងមេដាយសំរឹទ្ធផង គឺវិញ្ញាសាបុរស ៣នាក់ ទល់៣នាក់ ដោយសារកម្ពុជា ជាម្ចាស់ជើងឯកឆ្នាំចាស់លើវិញ្ញាសានេះ ដូច្នេះមានសិទ្ធិចូលប្រកួតបានចំនួន ២ក្រុម។

នេះជាជោគជ័យដ៏ប្រសើរសម្រាប់អត្តពលិកប៊ូល និងប៉េតង់កម្ពុជា ដើម្បីជាទំនុកចិត្តកាន់តែមុតមាំ ក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ លើទឹកដីខ្លួនឯង ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅឆ្នាំក្រោយ៕

Share.