លោក អ៊ុត សុវណ្ណា និង​ភរិយា

លោក អ៊ុត សុវណ្ណា អតីត​ជា​អ្នក​ប្រដាល់​នៅ​​ចន្លោះ​ពាក់កណ្តាល​ទសវត្ស​ទី​៩០ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជំរុញ​កូន រហូត​​មាន​ម្នាក់ អាច​ដណ្តើម​បាន​មេដាយ​មាស​១គ្រឿង និង​ម្នាក់​ទៀត​ទទួល​បាន​មេដាយ​សំរឹទ្ធិ ១គ្រឿង ពី​ការ​ប្រកួត​កីឡា​​ប៊ូល និងប៉េតង់ ជើងឯកអាស៊ីលើកទី៤ (the 4th Asian Boules Sport Confederation Petanque Championship Tournament) ដែល​ធ្វើ​ឡើង​នៅ​ទីក​រាជធានី​បាងកក ប្រទេស​ថៃ។

កូន​ប្រុស​លោក អ៊ុត សុវណ្ណា ជា​ម្ចាស់​មេដាយ​មាស​នោះ​គឺ​កីឡាករ អ៊ុត ដួងខែ ដែល​ជា​អ្នក​រក​មេដាយ​មាស​១ ក្នុង​ចំណោម​៣គ្រឿង​ជូន​ជាតិ​កម្ពុជា លើ​ឆាក​អន្តរជាតិ​លើក​នេះ​។ ដួងខែ ទើប​តែ​វ័យ​១៧ឆ្នាំ បាន​ឈ្នះ​មេដាយ​មាស​វិញ្ញាសា​យុវជន​អាយុ​ក្រោម ១៨ឆ្នាំ វាយ​យក​ពិន្ទុ។

អត្ថបទពាក់ព័ន្ធ៖អត្តពលិកប៉េតង់កម្ពុជាដណ្តើមបានមេដាយគ្រប់គ្នាពីជើងឯកអាស៊ី

មុន​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ប្រចាំ​ទ្វីប ​លើក​ដំបូង​ក្នុង​ជីវិត​របស់​ខ្លួន​កីឡាករ ដួងខែ ជម្រុះ​ចូល​ក្នុង​វគ្គ​៨នាក់​ចុងក្រោយ ដោយ​រូប​គេ​ឈរ​ចំណាត់ថ្នាក់​លេខ៥ មាន​២៤ពិន្ទុ។ នៅ​វគ្គ​៨នាក់​ចុងក្រោយ​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ Javen Lau របស់​សិង្ហបុរី ដោយ​លទ្ធផល ២៤-២៤ (១១-៣) ហើយ​​នៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ បន្ត​យក​ឈ្នះ​កីឡាករ Mohamad Muiz ដោយ​លទ្ធផល​៥០ទល់​៤៥ និង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ រូប​គេ​បន្ត​យក​ឈ្នះ​កីឡាករ​វៀតណាម Tran Haong Phuc ដោយ​លទ្ធផល​៣៣ទល់១៣។ ​

ចំណែក​កូន​ម្នាក់​របស់​លោក អ៊ុត សុវណ្ណា កីឡាករ អ៊ុត សុខជា ឈ្នះ​មេដាយ​សំរឹទ្ធិ លើ​វិញ្ញាសា​យុវជន​ ៣នាក់ទល់៣នាក់ អាយុ​ក្រោម ​១៨ឆ្នាំ (B) ខណៈ​ដែល​ដៃគូ​របស់​ខ្លួន​ផ្សេង​ទៀត​មាន កីឡាករ ភាព ផាឃិន, កីឡាការិនី ហាក់ ស្រីនុត និង​កីឡាករ នូច សុខេមរៈ។ វិញ្ញាសា​មួយ​នេះ​របស់​កម្ពុជា បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី ដោយ​លទ្ធផល​១៣​ទល់៩ ឈ្នះ​មេដាយ​សំរឹទ្ធ​ស្ទួន​ជាមួយ​ម្ចាស់​ផ្ទះ​ថៃ​ក្រុម B ហើយ​មេដាយ​មាស​បាន​ទៅ​ក្រុម​ថៃ A និង​មេដាយ​ប្រាក់​បាន​ទៅ​ម៉ាឡេស៊ី។

លោក អ៊ុត សុវណ្ណា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​រង់ចាំ​ទទួល​កូន​នៅ​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា៖«កូន​​ខ្ញុំ​បាន​ហាត់​​ព្រោះ​គាត់មាន​ដុង​កីឡា​​ពី​កំណើត​​ផង ​និង​ពេល​​គេ​រើស​​ថ្នាល​ប៊ូល​នៅ​ខេត្ត​កណ្តាល ​លោក​គ្រូ​ក៏​បាន​ជ្រើសរើស​គាត់​ចូល​ហាត់​តាំង​ពី​អាយុ​១០​ឆ្នាំ​។ ខ្ញុំ​ក៏​ឱ្យ​កូន​បាន​ហាត់​ប៊ូល​និង​ជំរុញ​គាត់​​បាន​​ហាត់ ព្រោះ​ខ្ញុំ​ស្រលាញ់​កីឡា​ណាស់»។

«សម្រាប់​ខ្ញុំ​ជា​អ្នក​រត់​ម៉ូតូឌុប ភរិយា​ខ្ញុំ​ជា​អ្នក​កាត់ដេរ។ យើង​មាន​ការ​លំបាក តែ​ខ្ញុំ​បាន​តស៊ូ​អោយ​កូន​ហាត់​អោយ​បាន​ល្អ ដើម្បី​យក​មេដាយ​ជូន​ជាតិ​ ​សហព័ន្ធ និង​លោក​គ្រូៗ​មិន​អោយ​ខក​ចិត្ត​ទេ។ ខ្ញុំ​រំភើប​ណាស់»។ ពលរដ្ឋ​មក​ពី​ខេត្ត​កណ្តាល ខាង​លើ​បន្ថែម។

លោក​បន្ត​ថា៖«​ខ្ញុំ​ក៏​ជា​កីឡាករ​​ប្រដាល់​ពី​មុន​ដែរ ចន្លោះ​ឆ្នាំ​១៩៩៥-៩៧ រហូត​ដល់​ពេល​ខ្ញុំ​រៀបការ​ទើប​ខ្ញុំ​ឈប់។ កាល​ហ្នឹង​ខ្ញុំ​បាន​វ៉ៃ​នៅ​ប៉ុស្តិ៍​លេខ​៥ តែ​មិន​សូវ​ជោគជ័យ​ខ្លាំង។ ដោយ​សារ​មិន​សូវ​មាន​ផ្លែផ្កា​ខ្លួន​ឯង ទើប​ខ្ញុំ​ជំរុញ​អោយ​បាន​ហ្វឹកហាត់​រហូត​ទទួល​បាន​មេដាយ»។

អត្ថបទពាក់ព័ន្ធ៖មន្រ្តី​ជំនាញ និយាយ​ពី​​ការ​ដណ្តើម​មេដាយមាស២​​គ្រឿង​ក្នុងកីឡា World Games​លើ​ទឹកដី​អាមេរិក

ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​​ប៊ូល និងប៉េតង់ ជើងឯកអាស៊ីលើកទី៤ នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និងអត្តពលិកម្ពុជា ទាំង​អស់ ២៧នាក់ ខណៈ​ដណ្ដើម​មេដាយ​មេដាយ​មាស ចំនួន ៣គ្រឿង, មេដាយ​ប្រាក់ចំនួន ២គ្រឿង និង​មេដាយ​សំរឹទ្ធិចំនួន ២គ្រឿង និង​ឈ្នះ​ពាន Nation Cup ផង៕

Share.