ប្រធានក្រុមជម្រើសជាតិ​នារី​កម្ពុជា កីឡាការនៅ បាន ជា​វៃ នឹង​ចូល​ហាត់​ជាមួយឈុតបុរសយុវជនអាយុក្រោម​អាយុ​១៨​ឆ្នាំភ្នំពេញ​ក្រោ​ន ចាប់ពី​ខែធ្នូ ចុងឆ្នាំ​២០២២​តទៅ ដើម្បីពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ក្នុង​គោលបំណង​បំពេញ​ចន្លោះ​ខ្វះខាត​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ បើ​ទោះបី​រូបគេ​មិន​អាច​ទៅ​ហ្វឹកហាត់​នៅ​ចិន ដោយសារ​តែ​រវល់​ការងារ​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន។

កីឡាការនី បាន ជាវៃ ម្ចាស់ស្បែកជើងមាសនៃពានរង្វាន់ជម្រើស​​ជើង​​ឯក​បាល់​ទាត់នារី ឆ្នាំ​២០២១ ក្រោយទាត់បញ្ចូលទីច្រើនជាងគេសរុប ៣៥ គ្រាប់ឲ្យក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់គ្រូបង្វឹក ម៉ៅ សាវីន។

បាន ជា​វៃ គឺជា​កីឡាការិនី​ឆ្នើម​ម្នាក់​ក្នុង​ក្រុម​ដែល​ត្រូវ​មានឈ្មោះ​ទៅ​ធ្វើការ​ហាត់​នៅ​ប្រទេស​ចិន​ដើម្បី​ត្រៀម​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​រវល់​ការងារ​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន ទើប​​សម្រេច​ជ្រើសរើស​យក​ការ​ហ្វឹកហាត់​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ធ្វើការ​ផង ។ ជាមួយ​គ្នា​នោះ​កីឡា​ការិ​នី​ឆ្នើម​បាន​ដាក់ចិត្ត​ដាក់​កាយ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ពេល​ខ្លះ​ហាត់​លើស​ម៉ោង​នៃ​កម្មវិធី​ហ្វឹកហាត់​ផង​ក៏​មាន​ដែរ​។

ការ​ហ្វឹកហាត់​ជាមួយ​U18​អាច​មានការ​ហត់នឿយ​ខ្លាំង​បើ​ធៀប​ជាមួយ​ការ​ហ្វឹកហាត់​ក្នុង​ក្រុម​នារី​ដូច​គ្នា ។ ទោះជា​យ៉ាងណា កីឡាការិនី​ដដែលជឿ​ថា ក្រោយ​ពេល​ក្រុមកីឡា​ការិនី​ត្រឡប់​ពី​ហ្វឹកហាត់​នៅ​ចិន​វិញ​នា​ខែមេសា ខ្លួន​នឹង​ទទួល​បានការ​កោះហៅ​ឲ្យ​ចូល​ក្រុម​វិញទៀត​ផង​។

​​ក្មេង​កំព្រា​ទាំង​ម្ដាយ​ និង​ឪពុក​រូប​នេះ​បាន​ឲ្យ​​និយាយ​ ​«ខ្ញុំ​មាន​ថ្ងៃ​នេះ​ដោយ​សារ​បាល់ទាត់​ ខ្ញុំ​​តស៊ូ​ណាស់​ក្នុង​នាម​​​ជីវិត​រស់​ក្នុង​មណ្ឌល​កុមារកំព្រា​»។ កីឡា​ការិនី​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​ចូល​ហាត់​បាល់ទាត់​នៅ​ភ្នំពេញ​ក្រោន​បាន​ចំនួន​៤​ឆ្នាំហើយ អ្វីដែលពិសេស​សម្រាប់​​កូន​អ្នក​បាត់ដំបង​​គឺ​ទទួល​បាន​ឱកាស​​រៀន​នៅ​​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​សុខាភិបាល​​​​ផ្នែក​ព្យាបាល​ដោយ​ចលនា​ ដែល​ទទួល​បាន​ការ​ជួយ​ទាំង​ស្រុង​ពី​ក្លឹប​ភ្នំពេញ​ក្រោន​។

​​​ជាវៃ បាន​ចាប់​ផ្ដើម​លេង​បាល់ទាត់​ជា​មួយ​ក្រុម​មួយ​​​របស់​​ខេត្ត​បាត់ដំបង​គឺ Might Girl ចន្លោះ​ឆ្នាំ​២០១០ ដល់​២០១៥ ដែល​ក្រុម​នេះ​គឺ​លេង​ពេល​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ខេត្ត​បាត់ដំបង​។ ​ក្រោយ​ពេល​រៀន​ចប់​ថ្នាក់​ទី​១២ ត្រូវ​មក​រៀន​នៅ​ភ្នំពេញ ជាវៃ ត្រូវ​រក​សាលា​រៀន​ដោយ​ខ្លួន​ឯង ខណៈ​ក្រុម Might Girl គេ​ឈប់​ជួយ​ដល់​កា​រ​រៀនសូត្រ​ទៀត​ហើយ ​ដល់​ឆ្នាំ​២០១៥​​ក្មេង​ស្រី​កំព្រា​ខាង​លើ​ក៏​ទទួល​បាន​ឱកាស​ចូល​ហាត់​បាល់នៅ​ភ្នំពេញ​ក្រោន​ ហើយ​ភ្នំពេញ​ក្រោន​ក៏​បាន​ជួយ​ឲ្យ​ខ្លួន​បាន​រៀន​ចប់​ចុង​ជាប់ដើម​​នៅ​ឆ្នាំ​២០១៩​។

​ពេល​នេះ បាន ជាវៃ ជា​កីឡា​ការិនី​​បាល់ទាត់​របស់​ក្រុម​ភ្នំពេញ​ក្រោន​ផង​​ និង​ជា​​គ្រូពេទ្យ​ប្រចាំ​ក្លិប​ផង​ដែរ​។ ក្មេង​​កំព្រា​រូប​នេះ​​សប្បាយ​ចិត្ត​ និង​អរគុណ​ដល់​បាល់ទាត់​ដែល​ធ្វើ​ខ្លួន​មាន​ជីវិត​ល្អ​ប្រសើរ​បើ​ទោះ​ការ​ចាប់​ផ្ដើម​ជីវិត​​របស់​ខ្លួន​​មក​​មិន​ល្អ​​ដោយ​ត្រូវ​រស់​ក្នុង​មណ្ឌល​កុមារ​កំព្រា​​ក៏​ដោយ​​៕ ​​

Share.