ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីខឹងប្រពន្ធ ឡើងបើករថយន្តទាំងអារម្មណ៍មួរហ្មង លឿនជ្រុលទៅបុករថយន្ត Priusបើកដោយស្ត្រីម្នាក់ ត្រង់ផ្លូវបំបែកជាបួន វិលមួយជុំទៅផ្ទប់នឹងបង្គោលភ្លើង រងខូចខាតធ្ងន់ទាំង២គ្រឿង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្នុងបុរីពិភពថ្មី គម្រោងទី១ ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ បុរសម្នាក់ ក្រោយពីខឹងប្រពន្ធ មានអារម្មណ៍មួរម៉ៅ ឡើងបើករថយន្ត ឡិចសុីសRX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AR-3141 ចេញពីផ្ទះ តាមផ្លូវបេតុងក្នុងបុរី ពីលិចទៅកើត លឿនស្លេវ ស្រាប់តែដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុកពីទទឹងនៃរថយន្ត ម៉ាកPrius ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BO-5487 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ធ្វើឲ្យរថយន្តPriusវិលមួយជុំទៅផ្ទប់នឹងបង្គោលភ្លើងថ្ម ។

ករណីខាងលើ បង្កឲ្យរថយន្តព្រុស រងខូចខាតខ្ទេចមួយចំហៀង ចំណែករថយន្តឡិចសុីស ខ្ទេចផ្នែកខាងមុខ បែកធុងទឹក ហើយភាគីសងខាងសុំធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តឡិចសុីស យល់ព្រមនាំយករថយន្តព្រុស ទៅជួសជុលជូន អស់ថ្លៃប៉ុន្មានចេញថ្លៃជូនទាំងអស់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.