នាថ្ងៃ អង្គារ នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជំរុញឲ្យលោកប្រធានាធិបតីចិន Xi Jinping ប្រាប់រុស្ស៊ីត្រឡប់មកកាន់តុចរចាជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Alarabiya នាថ្ងៃ អង្គារ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២។

មេដឹកនាំទាំង២ បានជួបពិភាក្សាគ្នាមុនការបើកកិច្ចប្រជុំកំពូល G20 នៅកោះបាលី នៃប្រទេស ឥណ្ឌូនេស៊ី ជាកន្លែងដែលទីក្រុង មូស្គូ ស្ថិតនៅក្រោមសម្ពាធលើការឈ្លានពានរបស់ខ្លួនរយៈពេល ៨ខែមកនេះ លើអ៊ុយក្រែន និង ផលវិបាលដ៏មហន្ដរាយសម្រាប់តម្លៃអាហារ និង ថាមពលពិភពលោក។

លោក Macron បានអំពាវនាវឲ្យលោក Xi ផ្ញើសារទៅកាន់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដើម្បីជៀសវាងការកើនឡើងកម្ដៅនៃជម្លោះកាន់តែខ្លាំង ហើយត្រឡប់ទៅតុចរចាវិញ នេះបើយោងតាមសម្ដីរបស់លោក Macron ប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាដែលមានរយៈពេលជិត ១ម៉ោង។

អ្នកទាំង២ បានចាប់ដៃគ្នានៅពេលដែលពួកគេបើកកិច្ចចរចារួមគ្នា ដោយលោក Macron បាននិយាយថា ប្រជាជាតិនានា ត្រូវតែរួបរួមកម្លាំងដើម្បីឆ្លើយតបចំពោះវិបត្តិអន្តរជាតិដូចជា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

យ៉ាងណាម៉ិញ លោក Xi មិនបាននិយាយចំៗអំពីជម្លោះនេះទេ បើយោងតាមការអានរបស់ទីភ្នាក់ងាររព័ត៌មានរដ្ឋចិន Xinhua ប៉ុន្ដែលោក Xi បានពិពណ៌នាថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃភាពចលាចល អស្ថិរភាព និង ការប្រែប្រួលមិនទៀងទាត់ ហើយលោកបានអំពាវនាវឲ្យមានការបើកចំហ និង កិច្ចសហប្រតិបត្តិការរវាងគ្នា និង គ្នា។

សូមជម្រាបថា ជំនួបរវាងប្រធានាធិបតីទាំង២ បានកើតឡើង ១ថ្ងៃ បន្ទាប់ពីលោក Xi បានជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដោយមេដឹកនាំប្រទេសកំពូលមហាអំណាចទាំង២ បានប្ដេជ្ញាទប់ស្កាត់ការប្រកួតប្រជែងរបស់ខ្លួន កុំឲ្យផ្ទុះចេញជាសង្រ្គាម។ ដំណើទស្សនកិច្ចទៅក្រៅប្រទេសរបស់ប្រធានាធិបតីចិន លោក Xi Jinping ទៅកាន់កោះ បាលី គឺជាការធ្វើដំណើរទៅក្រៅប្រទេសជាលើកទី២ ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានលេចឡើងកាលពីចុងឆ្នាំ២០១៩ ដោយមានមន្រ្តីតម្រង់ជួរដើម្បីជួបពិភាក្សាទល់មុខគ្នាផ្ទាល់ជាមួយមេដឹកនាំនៃសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ ខណៈនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese នឹងជួបមេដឹកនាំចិននាថ្ងៃ អង្គារ នេះដែរ ហើយនាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស លោក Rishi Sunak ក៏បាននិយាយផងដែរថា លោកសង្ឃឹមថានឹងបានពិភាក្សាជាមួយលោក Xi ផងដែរ៕

ប្រភព៖ Alarabiya

Share.