ប្លែកៗ​៖ ភាពយន្ត​​ខ្នាត​ធំ​ Sparring Partner ដែល​កំពុង​តែ​ល្បីល្បាញ​នៅ​ក្រុងហុងកុង​ នាខណៈ​នេះ​គឺជា​សាច់​រឿង​ដែល​ផលិតករ និង​ Director បាន​​ស្រាវជ្រាវ​និង​ចងក្រង យកសាច់​រឿងឃាតកម្ម​​ដ៏​សាហាវឃោឃៅ​កក្រើក​ហុង​កុង​មក​រៀប​ចំ​ថត​ជា​សាច់​រឿង​។

Sparring Partner ចាប់​ផ្ដើម​សាច់​រឿង​ឡើង​ដោយ​បុរស​វ័យ​ក្មេង​ម្នាក់​និង​មិត្តភក្ដិ​របស់​គេ​ សម្លាប់​ឪពុកម្ដាយ​បស់​គេ​។ សាច់រឿង​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ការ​ពារកូន​ក្ដី​នៅ​ក្នុង​តុលាការ ការ​សាកសួរ​ចម្លើយ​ដ៏​ស្វិតស្វាញ​និង​ក្ដៅ​គគុក​ ដើម្បី​ស្វែង​រក​ការពិត​ ឆក់​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ រហូត​ធ្វើ​ឱ្យ​រឿង​នេះ​ក្លាយ​ជា​រឿង​ដែល​ល្បី​និង​រក​ចំណូល​បាន​ច្រើន​ក្នុង Box office។

យ៉ាង​ណា​មិញ​បើ​តាម​ដាន​ឱ្យ​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​ គឺ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​អ្នក​តាមដានរឿង​នេះ​ហើយ​ស្លុត​និង​រន្ធត់​ចិត្ត​ជា​ខ្លាំង​។ បុរស​ហុងកុង​​ម្នាក់​មាន​វ័យ​៣១​ឆ្នាំ​ ត្រូវ​បាន​ប៉ូលិស​រក​ឃើញ​ថា​គេ​បាន​សម្លាប់​ឪពុកម្ដាយ​បង្កើត​ ហើយ​កាប់​សាច់​ជា​កង់​ យក​ទៅ​ចម្អិនជា​ម្ហូប​ខ្លះ ចំណែក​ក្បាល​យក​ទៅ​ដាក់​ក្លាហ្សេក្នុង​ទូរទឹកកក​ធំៗ​ចំនួន​ពីរ​ផ្សេងគ្នា​។ ចៅក្រោម​៩​នាក់​ មាន​ចៅក្រម​៨​នាក់​ទល់​នឹង​១ បាន​កាត់​សេចក្ដី​ឱ្យ​បុរស​រូប​នេះ​មាន​ទោស​។

ក្នុង​ចំណោម​នោះ​ចៅក្រោម Michael Stuart Moore បាន​និយាយ​ថា​ «Chau គឺជា​មនុស្ស​ម្នាក់​ដែល​គ្រោះ​ថ្នាក់​ជា​ទីបំផុត​»។ Henry ChauChau Hoi-lueng តែងតែបន្ទោស​មនុស្ស​ជុំវិញ​ខ្លួន​ លើកលែង​តែខ្លួនឯង​។ គេគឺជាមនុស្ស​ម្នាក់​ដែល​បរាជ័យ​ទាំងជីវិត​និង​វិញ្ញាណ។ មនុស្ស​ម្នាក់ទៀត​ដែល​ជាប់​ពាក់ព័ន្ធនឹង​ករណី​សម្លាប់​នេះដែរគឺ​មិត្តភក្ដិ​របស់​គេ Tse Chun Kei ដែល​មាន​អាយុ​៣៨​ឆ្នាំ​ ត្រូវ​បាន​តុលការ​ចោទប្រកាន់​ជា​ឯក​ច្ឆ័ន្ទ​ក្នុង​ករណី​ដូច​គ្នា​ ប៉ុន្តែ​ក្រោយ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ ចុង​ក្រោយ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។

បុរស​ទាំង​ពីរ​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រារាំង​ការ​កប់សព​ដោយ​ស្រប​ច្បាប់​របស់​សព​ឪពុក​ Chau Wing Ki 65 ឆ្នាំ និង​សព​ម្ដាយ​ Siu Yuet Yee វ័យ 63 ឆ្នាំ​។ នៅក្នុង​ខណៈ​ដែល​តុលាការ​អាន​សេចក្ដី​សម្រេច​កាត់​ទោស​ខ្លួន​ Henry Chau បាន​រក្សា​អាកប្បកិរិយា​ស្ងប់​ស្ងាត់​ ខណៈ​ដែល​ Tse Chun Kei ស្ទើរតែ​ស្រក​យំនៅ​ពេល​បាន​ឮ​ថា​ខ្លួន​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​។ ចៅក្រម Sturt Moore បាន​បញ្ជាឱ្យ​ដោះ​លែង​ Chun Kei ភ្លាម​ជា​បន្ទាន់។

ករណី​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៣ ថ្ងៃ​នោះ​ Henry Chau បាន​នាំ​ឪពុកម្ដាយ​ខ្លួន​ ទៅ​ផ្ទះ​របស់​ Tse Chun Kei  ហើយ​ក្រោយ​ពី​នោះ​មក​អ្នក​ទាំងពីរ​ក៏​បាន​បាត់​ខ្លួន​។ ក្រោយ​មក​ Henry បាន​កុហក​បងប្រុស​ធំរបស់​គេ Chau Hoi-ying ​ថាម្ដាយ​និង​ឪពុក​គេ​ទៅ​លេង​បងប្អូន​នៅ​ចិនដីគោក​ ក្រោយ​ពីព្យាយាម​ទាក់ទង​ឪពុកម្ដាយ​មិន​បាន​ Henry បាន​ជូន​បងប្រុស​របស់​គេ​ទៅ​ប្ដឹង​ប៉ូលិស​ពី​ករណី​បាត់​មនុស្ស​។ ខណៈ​ដែល​ប៉ូលិស​បាន​ព្យាយាម​ស៊ើប​អង្កេត យ៉ាង​​សស្រាក់​សស្រាំ​នោះ​ Henry បាន​ផ្ញើសារ​ទៅ​មិត្ត​ភក្ដិ​គេ​តាម​ Whatsapp ទទួល​ស្គាល់​ថា​ខ្លួន​បាន​សម្លាប់​ឪពុកម្ដាយ​របស់​គេ​។ Henry និង​ Chun Kei ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៣។

ប៉ូលិស​បាន​រក​ឃើញ​សាកសព​ត្រូវ​បាន​កាប់​ជា​ដុំ​ៗ​ ចំណែក​ក្បាលត្រូវ​គេ​យក​ទៅ​ក្លាហ្សេ​ក្នុង​ទូរទឹកកក​ក្នុង​ផ្ទះរបស់​ Tse។ Chau ទទួល​បាន​ស្គាល់​ថា​គេ​បាន​ចាក់​សម្លាប់​ឪពុកម្ដាយ​គេ​រហូត​ដល់​ដាច់​ខ្យល់​ស្លាប់​ ហើយ​ចោទ​ប្រកាន់​ថា Tse គឺជា​ដៃគូ​សម្លាប់​មនុស្ស​ជាមួយ​គ្នា។

ចំណែក​ Tse បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ចូលរួម​ក្នុង​ផែនការ​សម្លាប់​មនុស្ស​នេះ​នោះទេ ប៉ុន្តែ​ Chau បាន​បង្ហាញ​ប្រអប់​សាច់​មនុស្ស​ឱ្យ​គេ​មើល​ និង​គម្រាម​សម្លាប់​ម្ដាយ​របស់​គេ​។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ Henry Chau បាន​និយាយ​ថា​គាត់​សម្រេច​ចិត្ត​សម្លាប់​ឪពុកម្ដាយ​ព្រោះ​តែ​ពួក​គាត់​ទាំង​ពីរ​នោះ​ដាក់​សម្ពាធ​លើ​ជីវិត​របស់​គេ​ខ្លាំង​ពេក។ គេ​បាន​និយាយ​ទៀត​ថា​ ឪពុក​របស់​គេ​ក្រអើតក្រទម​ ហើយ​មិន​ដែល​ទុក​ឱ្យ​គេ​រស់​នៅ​បានស្ងប់​សុខ​នោះ​ឡើយ​ ចំណែក​ម្ដាយ​របស់​គេ​វិញ​សម្លឹង​មុខ​គេ​ដោយ​ទឹក​មុខ​ក្រៀមក្រំ​ ដោយ​សារ​តែ​គេ​គ្មាន​លទ្ធភាព​ផ្ដល់​អ្វី​ដល់​គ្រួសារ។

នៅ​ក្នុង​វីដេអូសម្ភាសន៍​មួយ​ដែល​បាន​ចាក់​នៅ​ក្នុង​តុលាការ​កាល​ពី​ថ្ងៃ​ទី​១០​ខែ​សីហា ឆ្នាំ​២០១៤​ ​Henry Chau និយាយ​ថា «ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​អាច​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍​ជាមួយ​នឹង​ឪពុកម្ដាយ​ខ្ញុំ​បាន​ នោះ​គឺជា​ផ្លូវ​ចេញ​ដ៏​ល្អ​ បើ​ពួក​គាត់​ស្លាប់​បាត់​​ខ្ញុំ​នឹង​អាច​ចាប់​ជាតិ​ជា​ថ្មី»

នៅ​ក្នុង​តុលាការ​ Henry បាន​ចោទប្រកាន់ Tse ថា​ជា​អ្នក​រៀបចំ​ផែន​ការ​បំបាត់ភស្ដុតាង​ ដោយ​ផ្ដល់​យោបល់​ឱ្យ​គេ​យក​ចំណែក​សាច់​ដែល​នៅ​សល់​ទៅលាយ​ជាមួយ​នឹង​ស៊ីម៉ង់​និង​ខ្សាច់​ហើយ​ចាក់​សាប មិន​អ៊ីចឹងទេអាច​យក​ទៅ​ចំអិន​ ហើយ​ប្រឡាក់​ជា​សាច់​បាប៊ីខ្យូ​ លាយ​ជាមួយ​នឹង​សាច់​ជ្រូក​ បន្ទាប់​មក​អាច​យក​ទៅ​បោះ​ចោល​ក្នុង​ជុង​សំរាម។ ប៉ុន្តែ​ដុំ​ឥដ្ឋធ្ងន់​ពេក ចំណែក​សាច់​មនុស្ស និង​សាច់​ជ្រូក​ក៏​មិន​ដូច​គ្នា​ដែរ​។សាច់មួយ​ចំនួន​ដែល​បាត់ត្រូវ​បានប៉ូលិស​សន្និដ្ឋាន​បាន​ថា​ត្រូវ​បាន​គេ​យក​ទៅ​ចម្អិន​ញ៉ាំ ចំណែក​សាច់​ដែល​នៅ​សល់​ខ្លះ​ទៀត​ត្រូវ​គេ​យក​ទៅ​បោះចោល​ក្នុង​ធុង​សំរាម និង​ខ្ចប់​ជាម្ហូប​ជាមួយ​បាយ​។

​ទីបំផុត​កូន​ប្រុស​អកត្តញ្ញូ​ដែល​មាន​ចិត្តដាច់​រូប​នេះ​ ​ត្រូវ​បាន​តុលការ​សម្រេច​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៥ ពោល​គឺ​នៅពីរ​ឆ្នាំ​ក្រោយ​ដែល​គេ​បាន​សម្លាប់​ឪពុកម្ដាយ​បង្កើត​ខ្លួន​៕

ប្រភព៖ Daily Mail Online, bangkokpost.com

Share.