សម្ដេចតេជោ ហ៊ុន សែន បានខកខានមិនបានចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី និងកិច្ចប្រជុំ APEC 2022 នៅទីក្រុងបាងកក ប្រទេសថៃ។ ការខកខានចូលរួមប្រជុំនេះ ដោយសារសម្ដេចតេជោ ហ៊ុន សែន បានរកឃើញវិជ្ជមានកូវីដ១៩ នៅពេលសម្ដេចបានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូណេស៊ី ត្រៀមចូលរួម​កិច្ចប្រជុំ G20 ប៉ុន្ដែត្រូវបានតេស្តឃើញមុនការចូលរួមប្រជុំ។​

តើមានឧបាយកលមិនចង់ឲ្យសម្ដេចចូលរួមប្រជុំ G20 ឬយ៉ាងណា? ឆ្លើយតបនឹងសំណួរនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារសំឡេង ដែលបានចែកចាយតៗគ្នា​ នៅយប់ថ្ងៃទី១៥ វិច្ឆិកា ២០២២នេះថា ពិតណាស់មិនមាននរណាមានបំណងប្រើប្រាស់ឧបាយកល មិនឲ្យសម្ដេចចូលរួមកិច្ចប្រជុំ G20 និងកិច្ចប្រជុំ APEC នោះឡើយ។

រូបភាពពេលសម្ដេចតេជោ ហ៊ុន សែន បានវិលមកដល់ប្រទេសកម្ពុជាវិញនៅល្ងាចថ្ងៃទី១៥ វិច្ឆិកា ២០២២

ដើម្បីជម្រះមន្ទិលសង្ស័យ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំកុំមានការវិភាគ ឬមានការភ័ន្ដច្រលំលើបញ្ហានេះ ព្រោះថា ប្រធានកិច្ចប្រជុំ G20 នៅឥណ្ឌូណេស៊ី និង ប្រធានកិច្ចប្រជុំ APEC នៅថៃ គឺចង់ឲ្យសម្ដេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំទាំងពីរខាងលើ ផ្ទុយពីការវិភាគផ្សេងៗ។​ ទន្ទឹមនឹងនេះ ប្រទេសថៃ ក៏បានត្រៀមរៀបចំឲ្យសម្ដេចតេជោ ហ៊ុន សែន បានជួបប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងផងដែរ។​

សារច្បាស់ៗទៅកាន់សាធារណជនមិនចង់ឲ្យព្រួយបារម្ភពីបញ្ហាសុខភាពរបស់សម្ដេចនោះ គឺសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងការកើតកូវីដ១៩លើសម្ដេចជារឿងតូចតាចនោះទេ ប៉ុន្ដែអ្វីដែលសម្ដេចតេជោ ហ៊ុន សែនកង្វល់ធំជាងគេនោះគឺ តើមេដឹកនាំដែលចេញពីប្រទេសកម្ពុជា ទៅចូលរួមប្រជុំនៅប្រទេសឥណ្ឌូណេស៊ី និងការវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន តើមានកើតកូវីដ១៩ឬអត់?។ មេដឹកនាំដែលចូលរួមកិច្ចប្រជុំ G20នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី គឺពាក់កណ្ដាលចេញពីប្រទេសកម្ពុជា។​

អ្វីដែលកត់សម្គាល់នោះ គឺប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានទទួលប្ដូរវេណប្រធានអាស៊ានពីកម្ពុជា បានកៀកស្និទ្ធនឹងសម្ដេចតេជោ ហ៊ុន សែន។ ក្រៅពីនោះក៏មានមេដឹកនាំផ្សេងៗទៀត ដូចជាមេដឹកនាំសហរដ្ឋអាមេរិក ក៏បានកៀកស្និទ្ធិនឹងសម្ដេចតេជោ ហ៊ុន សែន។ ទោះបីជាយ៉ាងណាជាលទ្ធផលរហូតមកទល់ពេលនេះ មេដឹកនាំដែលចេញពីប្រទេសកម្ពុជា ហើយធ្វើដំណើរទៅប្រជុំនៅប្រទេសឥណ្ឌូណេស៊ីនោះ គឺមិនមានការឆ្លងជំងឺកូវីដ១៩​នោះទេ។​

សម្ដេចតេជោ ហ៊ុន សែន ពន្យល់ថា សម្ដេចតេជោ ហ៊ុន សែនឆ្លងជំងឺកូវីដ១៩ អាចមកពីសម្ដេចក្នុងនាមជាប្រធានអាស៊ាន ដែលបានដឹកនាំកិច្ចប្រជុំអាស៊ាន ធ្វើឲ្យសម្ដេចមានភាពហត់នឿយ ជាហេតុនាំឲ្យមេរោគកូវីដ១៩វាយលុក ងាយឆ្លងជំងឺកូវីដ១៩ ប៉ុន្ដែទោះបីជាយ៉ាងណាសម្ដេចបានបញ្ជាក់ថា​ រហូតមកទល់ពេលនេះ អាការៈរបស់សម្ដេចតេជោ ហ៊ុន សែន គឺធម្មតា។​

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកមាតុប្រទេសកម្ពុជាវិញដោយសុវត្ថិភាព នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ២០២២។

សម្ដេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែនថ្លែងអំណរព្រះគុណចំពោះព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រទានព្រះរាជសារប្រទានពរ សម្តេចតេជោ ហ៊ុន សែន ឲ្យឆាប់ជាពីជំងឺកូវីដ-១៩ និងមានសុខភាពល្អបរិបូរណ៍ និងអរគុណដល់មន្ត្រីនៃប្រទេសឥណ្ឌូនេស៊ីដែលបានយកចិត្តទុកដាក់ចំពោះសម្ដេច និងគណៈប្រតិភូ និងសូមអរគុណដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជាការធ្វើតេស្តបង្ហាញលទ្ធផលវិជ្ជមានយ៉ាងណាក៏ដោយ ក៏ប៉ុន្តែពេលនេះ សុខភាពរបស់សម្ដេច គឺធម្មតា មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ទោះបីជាសម្ដេចវិជ្ជមានកូវីដ-១៩ក៏ដោយ ក៏ការងារមួយចំនួន សម្ដេចនៅតែបន្តធ្វើលើកលែងតែការងារដែលត្រូវជួបភ្ញៀវតែប៉ុណ្ណោះ៕

Share.