បាត់ដំបង÷ ឆ្នាំនេះហាងឆេងស្រូវធ្លាក់ទាបប្រជាកសិករសំណូមពរដល់មន្ត្រីជំនាញឲ្យជួយសម្របសម្រួលដោះស្រាយជាមួយក្រុមឈ្មួញកុំទំលាក់តម្លៃខ្លាំងពេក។

ប្រជាកសិករនៅក្នុងស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២កន្កងមកបានបង្ហោះរូបភាពវីដេអូមួយឃ្លីប ព្រមទាំងសារមួយចំនួនផងដែរដោយលើកឡើងថា÷ ដំណាក់កាលចុងក្រោយនេះតម្លៃផលស្រូវដែលពួកគាត់ធ្វើ និងប្រមូលបានដើម្បីលក់ត្រូវក្រុមឈ្មួញជាន់ទំលាក់ថ្លៃ ក្នុងតម្លៃមួយទាបមិនអាចទទួលយកបាន ធ្ងន់ធ្ងរជាងនេះទៀតឈ្មួញគេថាស្រូវជុញមិនទទួលទិញថែមទៀត។

រីឯអ្នកស្រី គង់ សំនៀង កសិកររស់នៅក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេលបានបញ្ជាក់ប្រាប់នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២នេះថា÷ ហាងឆេងស្រូវកាលពីអ្នកស្រីប្រមូលផលលក់តាំងពីដើមខែវិច្ឆិកា កន្លងមកស្រូវល្អពូជរំដួលលក់បានតម្លៃ ១០៥០០បាតប្រាក់ថៃ និងស្រូវពូជក្រមុំចិនលក់បានតម្លៃពី ៩៥០០ ដល់ ៩៨០០បាត។

កសិករខាងលើបន្ថែមថា÷ ហាងឆេងស្រូវប្រែប្រួលធ្លាក់ទាបយ៉ាងលឿននឹកស្មានមិនដល់គ្រាន់តែខុសគ្នាត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ បច្ចុប្បន្នស្រូវពូជរំដួលស្រូវល្អលក់បានតម្លៃ ៨៥០០បាត និងស្រូវអន់បន្តិចលក់បានតម្លៃ ៨២០០បាត ដល់ ៨៣០០បាត ( ប្រាក់ថៃ ) ប្រហាក់ប្រហែលចំនួនជាង ៩៧ម៉ឺនរៀលក្នុងមួយតោន ចំណែកឯស្រូវពូជក្រមុំចិនលក់បានតម្លៃ ៦៥០០ ដល់៧០០០បាតក្នុងមួយតោន ដែលតម្លៃក្នុងទីផ្សារនេះកសិករមានតែបង្ខំចិត្តលក់ទាំងមិនចំណេញ។ ចំពោះទីផ្សារស្រូវចេញទៅទីផ្សារខាងណាលោកស្រីមិនបានដឹងទេ ប៉ុន្តែមានក្រុមឈ្មួញជនជាតិខ្មែរចុះឈរទទួញស្រូវពីកសិករហើយដឹកជញ្ជូនចូលឃ្លាំងតាមរោងម៉ាស៊ីននីមួយៗ។

លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ ពាក់ព័ន្ធបញ្ហាខាងលើនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា នេះមន្ត្រីជំនាញកសិកម្មខេត្ត ក្រសួង បានកោះហៅម្ចាស់រោងម៉ាស៊ីន រួមជាមួយនឹងឈ្មួញមួយចំនួនទៀតដែរដើម្បីជួបប្រជុំ និងដោះស្រាយបន្ទាន់មួយលើករណីនេះ៕

អត្ថបទ៖ ដំបងក្រញូង

Share.