សិល្បៈជាតិ៖ មុននេះបន្តិចសារព័ត៌មានត្រយងបានទទួលដំណឺងមកថា លោកព្រឹទ្ធាចារ្យនៃសាលាគុនល្បុកតោក្នុងខេត្តកំពត គឺលោកព្រឹទ្ធាចារ្យ អ៊ិត ប៉ែន បានទទួលមរណភាពហើយនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២នេះវេលាម៉ោង២រសៀល ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។

តាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាត់តំណាងដើម្បីនាំយកលិខិតរំលែកមរណទុក្ខ និងថវិកាទៅចូលរួមក្នុងពិធីបុណ្យសពលោកព្រឹទ្ធាចារ្យ អ៊ិត ប៉ែន ជាគ្រូគុនល្បុក្កតោ នៅភូមិមានរិទ្ធ ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។

ដោយឡែក គេបានឃើញកញ្ញា សំ ថារ័ត្ន បានបង្ហោះសារសម្ដែងអារម្មណ៍ក្រៀមក្រំដែរថា ៖ «ទើបតែរំលឹកពីឈ្មោះលោកគ្រូ អ៊ិត ប៉ែន ប៉ុន្មានថ្ងៃមុនសោះ… ឥឡូវនេះទទួលដំណឹងដ៏ក្រៀមក្រំមកថា លោកបានលាពួកយើងរហូតហើយ… លោកជាព្រឹទ្ធាចារ្យគុនល្បុក្កតោនៅខេត្តកំពត»។

សូមជម្រាបថា លោកព្រឹទ្ធាចារ្យ អ៊ិត ប៉ែន ជាគ្រូគុនមួយរូបដ៏អស្ចារ្យដែលលោករមែងលះបង់ពេលវេលាក្នុងការបង្ហាត់បង្ហាញដល់សិស្សគុន។ យើងសូមឧទ្ទិសបួងសួងដល់វិញ្ញណក្ខ័ន្ធរបស់លោកព្រឹទ្ធាចារ្យ បានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាត។

Share.