ខ្សែប្រយុទ្ធ Heung Min-Son បានមកដល់ទីក្រុងដូហា ប្រទេសកាតា ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ជាមួយស្រោមមុខការពារភ្នែក បន្ទាប់ពីរបួសប្រេះឆ្អឹងជិតភ្នែក។

របួសប្រេះឆ្អឹងជិតភ្នែករបស់ Son កើតឡើង បន្ទាប់ពីប៉ះទង្គិចយ៉ាងខ្លាំងជាមួយស្មារបស់ខ្សែការពារ Chancel Mbemba ក្នុងការប្រកួតរវាង Tottenham Hotspur ទល់នឹង Marseille ក្នុងក្របខណ្ឌ UEFA Champions League នៅកីឡដ្ឋាន Stade Vélodrome ក្នុងទីក្រុង Marseille ប្រទេសបារាំង ដោយមានការ​សង្គ្រោះ​បឋម​យ៉ាង​យូរ​នៅ​លើ​ទីលាន មុន​ពេល​ត្រូវ​បាន​ប្តូរ​ចេញ​។

ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កា​តា នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ​ខាង​មុខ​នេះ​។ ខណៈ​ក្រុមជម្រើសជាតិ​កូរ៉េ​ខាងត្បូង​ស្ថិត​ក្នុង​ពូ​ល H រួម​ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់ ហ្គា​ណា និង​អ៊ុយ​រូ​ហ្គា​យ​។

សម្រាប់ការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវជួបជាមួយ ក្រុមជម្រើសជាតិអ៊ុយ​រូ​ហ្គា​យ​ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីយប់ នៅកីឡដ្ឋាន Education City៕

Share.