សិល្បៈជាតិ៖ សារព័ត៌មានត្រយងសរសេររឿងនេះពុំមានបំណងញុះញង់ឱ្យមានការស្អប់ ឬរើសអើងជាតិសាសន៍នរណាទេ ប៉ុន្តែនេះគ្រាន់តែជាការបកប្រែតាមច្បាប់ដើម ដើម្បីឱ្យមហាជនបានជ្រាបដឹងច្បាស់បន្ថែមអំពីការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ តើស្ថិតក្នុងចេតនាអ្វីឱ្យប្រាកដ?

នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ គេហទំព័រព័ត៌មាន និងហ្វេសប៊ុកផេក New Paper TODAY ដែលស្ថិតក្នុងប្រទេសថៃបានចេញផ្សាយអត្ថបទមួយសរសេរចំណងជើងថា «ជនជាតិខ្មែរដែលនិយមទាមទារថា វប្បធម៌ថៃមកពីខ្មែរ គួរតែមិនពេញចិត្តព័ត៌មាននេះ»។ អត្ថបទផ្សព្វផ្សាយនោះ គេមើលឃើញថា ជាការស្រង់ខ្លឹមសារពីឯកសាររបស់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជនជាតិជប៉ុនឈ្មោះ Sasagawa hideo ដែលសរសេឯកសារលើប្រធានបទ Post/colonial Discourses on the Cambodian Court Dance (ស្ដេចក្ដីថ្លែង ក្រោយ អាណានិគមទៅលើរបាំព្រះរាជទ្រព្យខ្មែរ)។

នៅក្នុងអត្ថបទផ្សព្វផ្សាយរបស់ថៃនោះបានសរសេររៀបរាប់ដូច្នោះ៖ តាមរយៈការចង្អុលបង្ហាញរបស់អ្នកជំនាញជប៉ុនបានលើកឡើងថា សិល្បៈរបាំបុរាណខ្មែរបានទទួលឥទ្ធិពលពីប្រទេសថៃ។ លោក Sasagawa hideo អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជនជាតិជប៉ុន មកពីសកលវិទ្យាល័យ ក្យូតូ បានចង្អុលបង្ហាញថា សិល្បៈរបាំរបស់ខ្មែរបានទទួលឥទ្ធិពលពីប្រទេសថៃ ព្រោះវប្បធម៌ខ្មែរនៅក្នុងពេលបច្ចុប្បន្នមិនមែនវប្បធម៌អង្គរ-នគរធំ ប៉ុន្តែទទួលមកពីប្រទេសថៃស្ទើតែទាំងស្រុង (ដែលក្នុងអតីតកាលហៅថា ស្យាម) អាណាចក្រអង្គរ (អង្គរ-នគរធំ) បានដួលរលំនិងសាបសូន្យបាត់ទៅជាយូរយាមកហើយ ទីក្រុងបុរាណដូចពោលបានដួលរលំបាត់បង់នៅក្នុងព្រៃយូររាប់រយឆ្នាំ។ ដូច្នោះ វប្បធម៌ខ្មែរនាបច្ចុប្បន្នមិនមែនចំណែកអ្វីទាក់ទងនឹងវប្បធម៌អតីតកាលនោះទេ។ ខ្មែរជំនាន់ក្រោយធំធាត់ឡើងដោយរងឥទ្ធិពលពី «អយុធ្យា-រតនៈកូស៊ីន» ដែលរាជធានីថ្មីររបស់ខ្មែរមានឋានៈជា «ក្រុងប្រទេសរាជ» ឬមានន័យថាជាប្រទេសស្ថិតក្រោមអាណាព្យាបាលស្យាម។ ឥទ្ធិពលខ្មែរក្នុងអតីតកាល បានជះឥទ្ធិពលដល់អយុធ្យាត្រឹមចុងក្រចកដៃ ប៉ុណ្ណោះព្រោះនៅសម័យក្រោយអយុធ្យា ប្រទេសថៃមានសម្ព័ន្ធភាព ជាមួយ មន និង ជាតិសាសន៍ដទៃច្រើនជាង រួមទាំងជនជាតិជ្វា ម៉ាឡេ បស្ចិមប្រទេស ដូចជា ហូឡង់ ព័រទុយហ្គាល់ អេស្បាញ បារាំង។ រាជាណាចក្រអយុធ្យាមិនចូលចិត្តខ្មែរទេ គ្មានភាពចាំបាច់ទាក់ទងនឹងវប្បធម៌ខ្មែរឡើយ លើកលែងតែរឿងសាសនាមួយគត់។ ខ្មែរទទួលរងឥទ្ធិពលពីថៃខ្លាំងណាស់ នៅក្នុងសម័យកាលរតនៈកូស៊ីន ក្នុង រជ្ជកាល ព្រះបាទសម្ដេចព្រះអង្គឌួង ព្រះបរមកោដ្ឋ និងអង្គម្ចាស់ រាជាវតី ឬ ព្រះបាទសម្ដេចព្រះនរោត្តម ព្រះសុវណ្ណកោដ្ឋ។

ប្រភពឯកសារ៖ https://kyoto-seas.org/pdf/42/4/420403.pdf

យ៉ាងណាមិញ ក្រោយការចេញផ្សាយនេះហើយ គេនៅមិនទាន់ដឹងថា ខាងក្រសួងវប្បធម៌កម្ពុជាយើង ទទួលជ្រាបនូវដំណឹងនេះឬអត់ គេរំពឹងថានឹងមានបកស្រាយពន្យល់ឱ្យកាន់ច្បាស់ពីបញ្ហានេះដើម្បីកុំមានការភាន់ច្រឡំរវាងប្រទេសទាំងពីរ ៕

Share.