ក្រោយធ្លាក់ចេញពីកំពូលតារាង Cambodian Premier League 2022 ជាលើកដំបូងក្នុងរយ:ពេល២៧០ថ្ងៃ ពេលនេះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប ភ្នំពេញក្រោន​ សារថ្មីនៅថ្ងៃទី២០ ខែវិច្ឆិកា ក្នុងកីឡដ្ឋាន Smart RSN វេលាម៉ោង ៦:៣០នាទីល្ងាច សប្តាហ៍ទី២៥។

ក្នុងនោះលោក Conor Nestor បានលើកឡើងជុំវិញបរាជ័យ៣ប្រកួតជាប់គ្នា៖«ច្បាស់ណាស់ វាមិនមែនជាអ្វីដែលយើងចង់បាននោះទេ។ យើងខំប្រឹងរាល់ថ្ងៃដើម្បីព្យាយាមឈ្នះ។ ទោះយ៉ាងណាក៏ដោយ មានភាពខុសគ្នាខ្លាំងរវាងការប្រកួតចុងក្រោយ និងប្រកួតផ្សេងទៀត។ ទល់​នឹង​បឹងកេត និង​វិសាខា យើង​បាន​បង្កើត​កំហុស​រៀងៗ​ខ្លួន ហើយ​ត្រូវ​បាន​គេ​ដាក់​ពិន័យ។ ទល់នឹងភ្នំពេញក្រោន ខ្ញុំមិនអាចនិយាយច្រើនពេកអំពីឧប្បត្តិហេតុក្នុងការប្រកួតនេះទេ ពីព្រោះយើងបានបញ្ជូនលិខិតតវ៉ាអំពីការប្រកួតទៅ CPL»។

«គ្រាប់​បាល់​ទទួល​យក​ចំនួន​៣​គ្រាប់​គឺជា​កំហុស​របស់​ខ្ញុំ​ចំពោះ​កំហុស​បច្ចេកទេស​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​នាម​ជា​គ្រូ​បង្វឹក។ សូម​កុំ​បន្ទោស​កីឡាករ។ គ្រាប់ទី 1 គឺជាកំហុសរបស់អាជ្ញាកណ្តាល និងទី 4 គឺជាកំហុសរបស់អាជ្ញាកណ្តាលខ្សែបន្ទាត់។ សម្រាប់ខ្ញុំ ខ្ញុំត្រូវតែផ្តោតលើកំហុសរបស់ខ្ញុំ ហើយកែលម្អពួកវា ពីព្រោះអ្នកគាំទ្ររបស់យើងសមនឹងទទួលបានភាពប្រសើរជាងនេះ»។

លោកក៏បានប្រតិកម្មក្រោយចាញ់ភ្នំពេញក្រោនដូច្នេះថា៖«ខ្ញុំគិតថាវាមិនមែនជាការសម្រេចចិត្តរបស់អាជ្ញាកណ្តាលទេ វាគឺជាការសម្រេចចិត្តរបស់អាជ្ញាកណ្តាលខ្សែបន្ទាត់ ហើយនៅពេលអ្នកពិនិត្យមើលការសម្រេចចិត្តធំៗទាំងអស់ដែលធ្វើឡើងដោយអាជ្ញាកណ្តាលខ្សែបន្ទាត់ដូចគ្នា នោះវានឹងបង្កឱ្យមានសំណួរធ្ងន់ៗមួយចំនួនដែលត្រូវឆ្លើយ»។

គួរដឹងថាកាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តស្វាយរៀង ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើង ភ្នំពេញក្រោន ក្នុងលទ្ធផល ៥-២ ក្រោមក្រសែលភ្នែកអ្នកគាំទ្រប្រមាណជាង ១,០៥៨នាក់។

ផែនការថ្មីសម្រាប់ជើងទីពីរទល់នឹងភ្នំពេញក្រោននៅថ្ងៃអាទិត្យនេះ៖«ផ្នែកដ៏ធំមួយនៃផែនការប្រកួតរបស់យើងគឺត្រូវលេងឱ្យឆ្ងាយពីគោលដៅរបស់យើងតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយឥទ្ធិពលរបស់មន្ត្រីការប្រកួត»។

ជុំវិញអវត្តមានកម្លាំងសំខាន់​៖«Odawara នឹង​អវត្តមាន​ក្នុង​ការប្រកួត​ដែល​នៅ​សេសសល់​ដោយសារ​បញ្ហា​របួស។ កីឡាកររបស់យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឈ្នះក្នុងអវត្តមានរបស់គាត់ ពីព្រោះគាត់បានដឹកនាំយើងយ៉ាងល្អ តាំងពីដើមរដូវកាល។ យើងក៏នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជម្នះរាល់ឧបស័គ្គទាំងអស់ បើទោះបីជាមានឧបសគ្គខ្លះមិនសមរម្យក៏ដោយ»៕

Share.