សិល្បៈអន្តរជាតិ៖ មួយក្នុងចំណោមការស្លា.ប់យ៉ាងអាថ៌កំបាំងរបស់តារាហូលីវូដល្បី ត្រូវតែរាប់បញ្ចូលករណីស្លា..ប់របស់ លី សៀវឡុង ហៅ Bruce Lee ម្នាក់ដែរ។ ថ្មីៗនេះអ្នកវិភាគវិទ្យាសាស្ត្រសុខាភិបាលបានបង្ហើបទិន្នន័យស្រាវជ្រាវជាសាធារណៈបង្ហាញពីមូលហេតុពិតនៃការស្លាប់របស់តារាជំនាញសិល្បៈក្បាច់គុននេះថា អាចកើតពីការទទួលទាន (ផឹក) ទឹកហួសបរិមាណ។

តារាក្បាច់គុន លី សៀវឡុង ត្រូវបានគេចាត់ទុកថាជាតារាសម្ដែងហូលីវូដមួយដួងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក ក្នុងនោះមានដូចជាភាពយន្ត Fist of Fury, Way of the Dragon, Enter the Dragon និង Game of Death ប៉ុន្តែគួរឱ្យសោកស្ដាយដែលលោកបែរជាលាចាកលោកទាំងវ័យក្មេងខ្ចីកាលពីថ្ងៃទី២០ ខែកក្កដា ១៩៧៣ ដោយកាលណោះគេសន្និដ្ឋានមូលហេតុដែលធ្វើឱ្យលោកស្លាប់បណ្ដាលមកពីហើមខួរក្បាល។

យ៉ាងណាមិញក្រុមការងារសុខាភិបាលផ្នែកស្រាវជ្រាវនិងរោគវិនិច្ឆ័យ បានចេញមកបង្ហើបពីមូលហេតុស្លាប់របស់ លី សៀវឡុងដែលផ្ទុយគ្នាស្រឡះពូការសន្និដ្ឋានដំបូង។ យោងតាមឯកសារស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុង Clinical Kidney Journal មានការសន្និដ្ឋានមួយផ្សេងគ្នាថាអាការៈដែលបណ្ដាលឱ្យ Bruce Lee ស្លាប់នោះអាចមកពីសមាសធាតុសូដ្យូមក្នុងឈាមមានការធ្លាក់ចុះ ឬអាចបកស្រាយឱ្យងាយយល់បានថា គឺជាអាការៈមួយដែលរាងកាយមិនអាចគ្រប់គ្រងបរិមាណទឹកចូលមកក្នុងសារពាង្គកាយបាន បណ្ដាលឱ្យតំរងនោមគាំង និងខួរក្បាលហើម ហើយនេះគឺជាមូលហេតុពិតប្រាកដដែលឆក់យកជីវិតរបស់កំពូលតារាក្បាច់គុនរូបនេះ។ នៅក្នុងទិន្នន័យនោះដែរបានរំលេចពីករណីស្ត្រីមួយរូបដែលមានអាការៈស្រដៀងគ្នា ហើយទីបំផុតនាងក៏បានស្លាប់ដោយសារតែសមាសធាតុសូដ្យូមក្នុងឈាមធ្លាក់ចុះទាប។

ទោះជាយ៉ាងនេះក្ដីក្រុមអ្នកវិភាគបានបញ្ជាក់នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា សភាវៈដែលសមាសធាតុសូដ្យូមក្នុងឈាមធ្លាក់ចុះទាប មិនមែនសុទ្ធតែបណ្ដាលមកពីការទទួលទឹកច្រើនហួសហេតុនោះទេព្រោះក្រៅពីការវិភាគនេះ Bruce lee នៅធ្វើសកម្មភាពមួយចំនួនទៀតដែលជាកត្តានាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់គេដូចជា ផឹកស្រា ញ៉ាំថ្នាំដែលមានសារជាតិអ្វីម្យ៉ាង ការជក់កញ្ឆា ឬក៏វិធីសាស្ត្រហាត់ប្រាណឬក័៏ហាត់កីឡារបស់គេផងដែរ។
ថ្វីត្បិតតែមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដ តែក្រុមគ្រូពេទ្យទាំងអស់បានចេញមកដាស់តឿននៅក្នុងកិច្ចការស្រាវជ្រាវរោគវិនិច្ឆ័យនេះដែរថា គួរផឹកទឹកឱ្យសមស្រប ឬ សមល្មមនឹងបរិមាណអំបិលដែលរាងកាយទទួលបាន ព្រោះមិនថាការទទួលទឺក ឬក៏ការទទួលយកសូដ្យូមចូលទៅក្នុងសារពាង្គកាយ ប្រសិនបើច្រើនហួសហេតុពេកក៏មិនត្រូវបានចាត់ទុកថាល្អនោះដែរ៕
ប្រភព៖ gamerant

