សិល្បៈ​ជាតិ​៖ បុរស​ដែល​ត្រូវ​គេ​ផ្ដល់​នាម​ឱ្យ​ក្រៅ​មួយ​ទៀត​ថា​ជា​បណ្ឌិត​ច្នៃម៉ូដ​ លោក​ ឯម​ រៀម​ កំពុង​តែ​រង​ព្រនង់​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ ក្រោយ​មាន​គណនី​ហ្វេសប៊ុក​មួយ​បាន​ដកស្រង់​លើក​យក​ឈុត​សិចស៊ី​ចំហក្រោម​ចំហ​លើ​ ចំនួន ​៣​ម៉ូដ​របស់​លោក​បង្ហោះ​ជា​សាធារណៈ​ ព្រម​ទាំងដង្ហើយ​​សុំ​ឱ្យ​ក្រសួង​វប្បធម៌​មាន​ចំណាត់​ការ​។

គណនី​មួយ​បាន​យក​រូប​ថត​ចំនួន​៣​សន្លឹក​ របស់​លោក​ ឯម រៀម​ មក​បង្ហោះ​ព្រម​ទាំង​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ខ្លី​ មួយ​ដែល​ទម្លាក់​បន្ទុក​ទាំង​ស្រុង​ទៅ​ឱ្យ​ក្រសួង​វប្បធម៌​ ដែល​ជា​ម៉ែជា​ឪ ជា​អាណាព្យាបាល​របស់​អ្នក​សិល្បៈ​ឱ្យ​ពិនិត្យ​និង​មាន​ចំណាត់ការ​ទៅ​លើ​លោក​ ឯម រៀម​ យ៉ាង​ដូច្នេះ​ថា​៖ «ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​មើល​មិន​ដឹង​ ឬ​មើល​មិន​ឃើញ​?​ ល្មម​ដុស​​ក្អែល​ចេញ​ម្ដង​ កុំ​ឱ្យ​តម្លៃ​ខ្មែរ​កាន់​តែ​ធ្លាក់​ចុះ​! រូប​ថត​ស្រង់​ចេញ​ពី​ហ្វេសប៊ុក​»

មតិ​រិះគន់​ត្រង់​ៗមិន​បញ្ឆិត​បញ្ឆៀង ​របស់​ម្ចាស់​គណនី​​ខាងលើ​នេះ​ ត្រូវ​បាន​បងប្អូន​អ្នក​លេង​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​គ្នា​ ហើយ​មាន​អ្នក​បញ្ចេញ​​ទស្សនៈ​មិន​ពេញ​ចិត្ត​ និង​​មិន​គាំទ្រ​ចំពោះ​ការ​ស្លៀកពាក់​របស់​លោក​ ឯម​ រៀម ​ដែល​តែង​ស្លៀក​ពាក់​ និង​តុបតែង​ខ្លួន​បែ្លកៗ​នៅ​តាម​កម្មវិធី​នោះ​ឡើយ​។ មតិ​មិន​ពេញ​ចិត្ត​ចំពោះ​បុរស​និយម​លេង​ម៉ូដ​ប្លែក​រូប​នេះ​មាន​ដូច​ជា​៖

«ប្រុស​ឬ​ស្រី​មិន​ដឹង​ខ្លួន​ផង​ ​គេ​ហៅ​ថា​មនុស្ស​មិន​ប្រក្រតី​ ​ឬ​ ​មិន​ពេញ​លក្ខណៈ​»​
«​មនុស្ស​ហ្នឹង​​គួរ​តែ​ក្រសួង​វប្បធម៌​ចាត់ចែង​ទៅ​ ​រាង​អីចឹង​ឃើញ​ខ្ពើម​ណាស់​ ​ប្រហែល​ក្រសួង​វប្បធម៌​​ងងឹត​ភ្នែក​អស់​ហើយ ​បាន​ទុក​​បុគ្គល​នេះ​ឲ្យ​បំផ្លាញ​វប្បធម៌​ខ្មែរ​ដូច្នេះ​ ​មើល​រាង​ដូច​ប្រេត​»​
«​សង្គម​ខ្ញុំ​ ​ប្រពៃណី​ជាតិ​ខ្ញុំ​ ​វប្បធម៌​ជាតិ​ខ្ញុំ​អើយ​ ​ទៅ​ជា​យ៉ាងណា​ខ្ញុំ​ដឹង​ថា​ជា​សិទ្ធិ​សេរីភាព​របស់​អ្នក​ ​តែ​អ្នក​ជា​អ្នក​សិល្បៈ​ ​គួរ​តែ​បង្ហាញ​អ្វី​ដែល​​​ខ្មែរ​មាន​ ​អ្វី​ដែល​ជា​របស់​ខ្មែរ​ដើម្បី​ជា​គំរូ ​វប្បធម៌​រលត់​ជាតិ​រលាយ​ ​ពេល​ដែល​គេ​យក​បាត់​តាំង​យំ​ស្រែក​ ​តែ​មិន​ចេះ​ការពារ​ថែរក្សា​។ ​តើ​ក្រសួង​សាម៉ី​ពាក់ព័ន្ធ​រវល់​ធ្វើ​អី​ ​????​»​
«រឿង​គាត់​ច្នៃ​ម៉ូត​ ​ខ្ញុំ​សូម​សរសើរ​គាត់​ ​តែ​រឿង​គាត់​ស្លៀកពាក់​មិន​សមរម្យ​បែប​នេះ ​ខ្ញុំ​ក៏​សម្ដែង​ការ​រិះគន់ ​ឲ្យ​គិត​ឡើង​វិញ​រាល់​ទង្វើ​ដែល​ធ្វើ​ទៅ​លើ​ការ​ស្លៀកពាក់​បែប​នេះ​។​»

ថ្វី​ត្បិត​តែ​មតិ​ភាគ​ច្រើន​វាយ​ប្រហារ​ និង​រិះគន់​ទៅលើ​លោក​​ ឯម រៀម​​ បែប​មិន​សំចៃ​មាត់​ក្ដី ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​មតិ​ខ្លះ​​​បាន​លើក​ឡើង​បែប​កណ្ដាល​ មិន​វាយ​ប្រហារ​ជេរ​បញ្ចោរ​ដល់​លោក​ ឯម​ រៀម​ នោះ​ទេ​ ថែម​ទាំង​លើក​ជា​ទស្សនៈ​ដើម្បី​ឱ្យ​អ្នក​រិះគន់​ដល់​លោក​ ឯម​​ រៀម​ បាន​ត្រិះរិះ​ពិចារណា​៖

«​ចំពោះ​ខ្ញុំ​វិញ​យើង​មិន​គួរ​វាយ​តម្លៃ​ពួក​គាត់​ទេ​ ​ព្រោះ​នេះ​គឺ​ជា​​សិទ្ធិ​មនុស្ស​រៀង​ៗ​ខ្លួ​ន​ ​ទោះ​បី​ពួក​គាត់​ធ្វើ​ចំឡែក​ខុស​ពី​គេ​មែន​ ប៉ុន្តែ​គាត់​មិន​បាន​ឆក់​ប្លន់​លួច​យក​ដី​ ឬ​ សម្លាប់​បុគ្គ​ល​ណា​មួ​យ​នោះ​ទេ​ ​បើ​យើង​ប្រកាន់​ខ្លួន​ឬ​ចង់​បាន​សង្គម​ប្រជាធិបតេយ្យ​ ​បែរ​មាន​ការ​រើសអើង​ចំពោះ​មនុស្ស​ ​ដែល​គេ​ចូលចិត្ត​ខុស​ពី​យើង​នោះ​ក៏​យើង​មិន​ខុស​​ពីមាន​គំនិត​ផ្តាច់ការ​នោះ​ដែរ​»។

មែនទែន​ទៅ​ នេះ​មិន​មែន​ជា​លើក​ទីមួយ​នោះ​ឡើយ​ ដែល​បុរស​មាន​ទេព​កោសល្យ​ច្នៃម៉ូដ​រូប​នេះ​រង​ព្យុះ​ភ្លៀង​និង​ការ​វាយ​ប្រហារ​ពី​អ្នក​ដែល​មិន​និយម​ការ​ច្នៃ​ម៉ូដ​ប្លែក​ៗ ឬ​ការ​ច្នៃ​ម៉ូដបែប​សហសម័យ​ ដែល​លោក​តែង​តែ​ព្យាយាម​បង្កើត​ឡើង​ថ្មីៗ​នោះ​។

ជាក់ស្ដែង​ ឯម រៀម​ នៅ​តែ​បន្ត​រក្សា​គោល​ជំហរ​បង្កើត​ស្នាដៃ​ម៉ូដ​សហសម័យ ដដែល​ទោះ​ជា​លោក​ត្រូវគេ​រិះគន់​ ជេរស្ដី​ និង​ប្រមាថ​យ៉ាង​ណា​ក្ដី​​ នេះ​បើ​យោង​តាម​ការ​ដក​ស្រង់​ចេញ​ពី​អ្វី​ដែល​លោក​ធ្លាប់​បាន​លើក​ឡើង​កាល​ពីពេល​ថ្មីៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​៖

«​មាន​អ្នក​ ​Comment​ ​សួរ​ថា​ ​ពេល​គេ​ជេរ​ចេះ​ឈឺ​អត់​?​ ​គឺ​ឈឺ​ ​ឈឺ​ខ្លាំង​ណាស់​…​ពេល​អាន​ ​Comment​ ​ម្តង​ៗ​ទឹក​​ភ្នែក​ហូរ​ដោយ​មិន​ដឹង​ខ្លួន​ ​តែ​គ្រូ​ធំ​បាន​ផ្តាំ​ថា​ ​យើង​ជា​សិល្បៈក​រ​ ​ត្រូវ​មាន​ចិត្ត​ខន្តី​ ​​បើ​មិន​មាន​ចិត្ត​ខន្តី​ទេ​វា​និង​ខាត​បង់​ ហើយ​បើ​ចង់​ធ្វើអ្វី​មួយ​គឺ​ធ្វើ​អោយ​លើស​ ​ដើម្បី​អោយ​ទស្សនិកជន​រន្ធត់​។»

ជា​ធម្មតា​មនុស្ស​ម្នាក់ៗ​រមែង​មាន​អ្នក​ពេញ​ចិត្ត​និង​ មិន​ពេញ​ចិត្ត​ ដូច្នេះ​ករណី​លោក​ ឯម រៀម នេះ​ក៏​មិនខុស​គ្នា​ដែរ​ លោក​មាន​អ្នក​រិះគន់​ច្រើន តែ​ក៏​មាន​អ្នក​ស្រលាញ់​ និង​គាំទ្រ​លោក​ច្រើន​ដូច​គ្នា​ដែរ។​

ងាក​មក​បញ្ហា​ដែល​កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​នេះ​ អ្នក​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​លោក​ កំពុង​រង់ចាំ​មើល​ថា​តើ​ នឹង​មាន​ចំណាត់​ការ​បែបណា​ចំពោះ​លោក​? ខណៈ​ដែល​អ្នក​គាំទ្រ​វិញ​ ក៏​លើក​ទឹក​ចិត្ត​ឱ្យ​លោក​ឆ្លង​កាត់ការ​លំបាក​ផ្សេង​ៗ​ដែល​កំពុង​ជួប​ប្រទះ​ផង​ដែរ។

Share.