សិល្បៈ​ជាតិ​៖ មិន​ខុស​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​អាច​ទទួល​យក​បាន​ចំពោះ​សំណង​​ទឹក​ប្រាក់​២៥០០​ដុល្លារ​ ពី​សំណាក់​ជន​បង្ក​ទៅ​ឱ្យ​គ្រួសារ​ជន​រងគ្រោះ​ថ្នាក់​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​អ្នក​បើក​បរ​ក្នុង​សភាព​ស្រវឹង​ លោក​ ចែម​ ចាន់​រ៉ា ហៅ​ ពាក់មី បាន​ចេញ​មក​បង្ហោះ​សំណេរ​សុំ​យោបល់​អ្នក​ច្បាប់​ចំពោះករណី​​នេះ​ ព្រោះ​លេច​ឮ​ដំណឹង​តៗ​គ្នា​ថា​ ជន​បង្ក​បង់​២៥០០​$ រួច​ខ្លួន​។​ នាយ​ពាក់​មី​ ចង់​ដឹង​ថា​ការ​បើក​បរ​ក្នុង​ស្ថាន​ស្រវឹង​បណ្ដាល​ឱ្យ​អ្នក​ដទៃ​ស្លា-ប់ ទោស​កម្រិត​ណា​? ហើយ​អ្នក​បង្ក​ត្រូវ​បាន​ច្បាប់​ដោះ​ស្រាយ​យ៉ាង​ម៉េច​ដែរ?

នៅ​ក្នុង​ថ្ងៃទី​៦ ខែ​ធ្នូ​ នេះ​ មើល​ឃើញ​ថា​ចលនា​ទាមទារ​ឱ្យ​មាន​ចំណាត់​ការ​មួយ​ច្បាស់លាស់​ចំពោះ​ជន​បង្ក​កាន់​តែ​ពុះ​កញ្ជ្រោល​ខ្លាំង​ថែម​ទៀត​នៅពេល​ដែល​បាន​ទទួល​ដំណឹង​តៗ​គ្នា​ថា​ភាគី​ជន​បង្ក​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​២​ពាន់​៥​រយ​ដុល្លារ​ (2500$) ដើម្បី​បញ្ចប់​រឿង​។ ខណៈ​ដែល​សំឡេង​ស្រែក​ទាមទារ​រក​យុត្តិធម៌​កំពុង​តែ​ដង្ហោយ​ដើម្បី​ក្រុម​គ្រួសារ​ទារក​តូច​ដែល​កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ នាយ​ពាក់មី​ ដែល​ជា​តារា​កំប្លែង​ឈាន​មុខ​និង​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ផង​នោះ​ បាន​ចេញ​មក​បង្ហោះ​សំណេរ​ដើម្បី​ជា​សំឡេង​មួយ​ជួយ​អំពាវនាវ​រក​យុត្តិធម៌​ជូន​គ្រួសារ​រង​គ្រោះ​ដោយ​លោក​បាន​រៀបរាប់​ថានិង​ចោទ​ជា​សំនួរ​ថា​ដូច្នេះ​៖

«📢​ជួយ​ផុស​​​ ​កុំ​អោយ​ស្ងាត់​​ 📢​លឺ​គេ​ថា​​​ (អ្នកបង្ក​អោយ​2500$​រួច​​ខ្លួន​​)​ពិត​អត់​បង​ប្អូន​?​ ​សុំ​សួរ​មួយ​បង​ប្អូន​​ការ​បេីក​ឡាន​ក្នុង​ស្ថាន​ភាព​ស្រវឹង​បណ្តាល​ឱ្យ​​អ្នក​ដទៃ​ស្លា​-​ប់​​​ ​តេី​មាន​ទោស​យ៉ាង​ម៉េច​ខ្លះ​?​ ​តេី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​ក្រោម​នេះ​​ ​អ្នក​បង្ក​ត្រូវ​បាន​ច្បាប់​ដោះស្រាយ​យ៉ាង​ម៉េច​ហេីយ​​? ​សូម​បងប្អូន​ដែល​ដឹង​ព័ត៌មាន​នេះ​​ច្បាស់​ ជួយ​ខមមិន​បញ្ចេញ​មតិ​ផង​។»

ការ​លើក​ឡើង​និង​សំនួរ​របស់​តារា​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​មហាជន​ និង​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចូល​មក​វែកញែក​ករណី​នេះ​ខុស​ៗ​គ្នា​ ក្នុង​នោះ​មាន​ការ​លើក​ឡើង​ដោយ​ម្ចាស់​គណនី​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា​ គីម ពិសិដ្ឋ​ បាន​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​តប​តាម​ការ​ចង់​ដឹង​របស់​នាយ​ពាក់​មី​ថា​៖

«​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​មាត្រា​ ​៨៣.​ជនណា​បើកបរ​ដោយ​ធ្វេស​ប្រហែស​ ​ខ្ជីខ្ជា​ ​មិន​ប្រុងប្រយ័ត្ន​ ​ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​ ​បណ្តាល​ឱ្យ​មាន​របួស​ដល់​អ្នក​ដទៃ​ ​ហើយ​បណ្តាល​ឱ្យ​អ្នក​រង​គ្រោះ​អសមត្ថភាព​ធ្វើ​ការងារ​ក្នុង​រយៈពេល​ស្មើ​ ​ឬ​លើស​ពី​ ​៨​(​ប្រាំ​បី​)​ថ្ងៃ​ ​គិត​ពី​ថ្ងៃ​កើតហេតុ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ​៦​(​ប្រាំ​មួយ​)​ខែ​ ​ទៅ​ ​២​(ពីរ​)​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រា​ក់​ពី​ ​២ ០០០ ​០០០​(​ពីរ​លាន​)​រៀល​ ​ទៅ ​១០ ​០០០​ ០០០ ​(ដប់​លាន​) ​រៀល ​និង​អាច​ត្រូវ​ផ្តន្ទា​ទោស​ដោយ​ទោស​បន្ថែ​ម​មួយ ​ឬ​ច្រើន​ដូច​មាន​ចែង​ក្នុង​មាត្រា​ ​៥៣​ (ប្រភេទ​នៃ​ទោស​បន្ថែម​) ​នៃ​ក្រម​ព្រហ្មទណ្ឌ​។​អំពើ​ល្មើស​ខាង​លើ​នេះ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ​១​(​មួយ​)​ឆ្នាំ​ ទៅ ​៣​(បី​)​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ​៤ ​០០០ ​០០០ ​(បួនលា​ន)​ រៀល ​ទៅ ​១៥ ​០០០​ ​០០០​ (ដប់​ប្រាំ​លាន​)​រៀល​ កាល​បើ​អំពើ​នេះ​បាន​ប្រព្រឹត្ត​ក្នុង​ករណី​ណា​មួយ ​ដូច​ខាង​ក្រោ​ម​ ​៖
​ក​-​បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ​ ​ឬ​មាន​បណ្ណ​បើកបរ​តែ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ត​។​
​ខ​-​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ដោយ​មាន​អត្រា​ជាតិ​អាល់កុល​ចាប់​ពី​ ​០,៤០ ​(សូន្យក្បៀស​​សែ​សិប​)​ ​មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ ​ឬ​ចាប់​ពី​ ​០,៨០​ (សូន្យ​ក្បៀស​ប៉ែត​សិប​) ​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ​។
គ-បណ្តាលឱ្យមានរបួសមនុស្សច្រើននាក់។ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។
មាត្រា​ ​៨៥.​ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែស ​ខ្ជីខ្ជា​ ​មិន​ប្រុងប្រយ័ត្ន​ ​ឬ​មិន​គោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀលទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀន និងអាចត្រូវផ្ដន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម នៃក្រមព្រហ្មទណ្ឌ)។អំពើល្មើសខាងលើនេះ ត្រូវផ្គន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ) ឆ្នាំ ទៅ ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ២៥ ០០០ ០០០ (ម្ភៃប្រាំលាន) រៀល កាលបើអំពើនេះ បានប្រព្រឹត្តក្នុងករណីណាមួយ ដូចខាងក្រោម ៖
ក-បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរ តែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ-ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
គ-បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់។
ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណង់គេចវេះពីទំនួលខុសត្រូវ។

យ៉ាង​ណា​មិញ​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​យ៉ាង​សស្រាក់សស្រាំ​ពី​មហាជន​ឱ្យ​មាន​ការ​លូកដៃ​ចូល​ពី​សំណាក់​មេធាវី​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ​ក្នុង​ករណី​នេះ​ លោក​ គី តិច​ បាន​ឆ្លើយ​តប​ចំពោះ​សំណើរ​នេះ​ហើយ​ ដូច្នេះគេ​មើល​ឃើញ​ថា​រឿង​នេះ​នឹង​ឆាប់​រក​បាន​យុត្តិធម៌ ជា​ពិសេស​មហាជន​ចង់​ឃើញ​ជន​បង្ក​ត្រូវ​បាន​ច្បាប់​ដាក់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជាជាង​ប្រើ​លុយ​សង​ជំងឺ​ចិត្ត​ដើម្បី​បញ្ចប់​រឿង​៕

Share.