
ថ្លែងប្រាប់ក្រុមអ្នកកាសែត ក្រោយបញ្ចប់ការប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថាសម្ដេចមិនគាំទ្រឡើយ ប្រសិនបើអ្នកបើកបរល្មើសច្បាប់បានបង្កគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ជីវិតអ្នកដទៃ ប៉ុន្តែបែរជារួចខ្លួនពីសំណាញ់ច្បាប់ដោយសារតែការប្រើប្រាស់ថវិកាជាសំណង។
ដោយអះអាងថាករណីបែបនេះកើតឡើងមិនជាទូទៅ សម្ដេចក្រឡាហោម ស ខេង បន្ថែមថា«វាអាចថាកន្លែងខ្លះ ជាបុគ្គល ជាសមត្ថកិច្ច ខ្ញុំក៏ចង់ដឹងព័ត៌មានជាក់លាក់ដើម្បីចាត់វិធានការឱ្យបានសមស្របដែរ ហើយខ្ញុំអត់គាំទ្រទេរឿងអ៊ីចឹងៗ»។ ដោយឡែកនៅក្នុងពេលផ្ដល់កិច្ចសម្ភាសន៍នោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការសោកស្ដាយចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលបានផ្ដាច់យកជីវិតពលរដ្ឋជារៀងរាល់ថ្ងៃ បន្សល់ទុកជនរងគ្រោះ ដែលមួយចំនួនក៏ត្រូវពិការភាព។
ប្រធានបទជុំវិញភាពអយុត្តិធម៌ក្នុងសំណុំរឿងចរាចរណ៍ បានកក្រើកឡើងជាថ្មីនាប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានករណីយុវជនម្នាក់បើកបរក្នុងស្ថានភាពស្រវឹង បានបុកអ្នកដំណើរដែលប្រើប្រាស់់មធ្យោបាយម៉ូតូបណ្ដាលឱ្យបុរសជាប្ដី ស្រ្តីជាប្រពន្ធ និងទារកជាកូនរងរបួសធ្ងន់ ប៉ុន្តែជនបង្កមិនត្រូវបានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ទេ ក្រោមហេតុផលមានការសម្រួបសម្រួលផ្ដល់សំណងដល់ជនរងគ្រោះ ខណៈតាមច្បាប់ជនល្មើសដូចករណីនេះត្រូវកំណត់មានទោសជាប់ពន្ធនាគារ។
សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានមានប្រសាសន៍ថា «មនុស្សគ្រប់គ្នាមានភាពស្មើគ្នាចំពោះមុខច្បាប់ ច្បាប់មិនសម្រាប់អ្នកតូច មិនសម្រាប់អ្នកធំឡើយ ឱ្យតែខុសច្បាប់ត្រូវតែទទួលខុសត្រូវ ដូចជាច្បាប់ចរាចរណ៍ ត្រូវតែទទួលការផាកពិន័យ និងផ្ដន្ទាទោស ប្រសិនបើបុគ្គលណាមួយល្មើសច្បាប់ ហើយមន្រ្តីនគរបាលយើងដែលជាអ្នកអនុវត្តច្បាប់នេះក៏ដូចគ្នា ត្រូវតែគោរពច្បាប់ និងប្រកាន់ឥរិយាបទឱ្យសមរម្យជានគរបាល»។ នេះបើតាមសៀវភៅទស្សនៈ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២០ ទំព័រទី៤៨៕
