សិល្បៈ​អន្តរជាតិ៖ «Whisper of the Heart» គឺជា​ភាពយន្ត​ត​ភាគ​ពី​ Animate ល្បី​ល្បាញ​របស់​ studio ghibli ដែល​ធ្លាប់​បាន​ចាក់​ផ្សាយ​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​កាល​ពី​ឆ្នាំ​១៩៩៥។ អ្នក​គាំទ្រ​ត្រូវ​រង់ចាំ​អស់​២៧​ឆ្នាំ ទម្រាំ​អាច​ទស្សនា​វគ្គ​បន្ត​នៃ​សាច់​រឿង​នេះ។

Whisper of the Heart ផលិត​ចេញ​ពី​រឿង​តុក្កតា​របស់​សាស្ត្រាចារ្យ​ Aoi Hiiragi ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​១៩៨៩​ ជា​សាច់​រឿង​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រលាញ់​របស់​ Seiji Amasawa ក្មេង​កំលោះ​ដែល​រត់​តាមចាប់​​ក្ដី​សុបិន​ និង​ Shizuku Tsukishima ក្មេង​ស្រី​ដែល​រក​ខ្លួន​ឯង​មិន​ទាន់​ឃើញ​។ មុន​នឹង​ស្នេហា​របស់​អ្នក​ទាំងពីរ​រីកលូតលាស់​ចេញ​ជា​ផ្លែផ្កា​នៅ​ពី​មុខ​ The Baron រូប​ចម្លាក់​ឆ្មា​ដែល​ជួយ​ឱ្យ​ Shizuku បាន​ស្ដាប់​ឮ​សំឡេង​បេះដូង​របស់​ខ្លួន​ឯង​។​

យ៉ាង​ណា​មិញ​ភាពយន្ត​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សាច់​រឿង​ដែល​ល្អផ្ដាច់​គេ​មួយ​នេះ​ នៅ​ពេល​ដែល​ត្រូវ​បាន​យក​មក​ផលិត​ជា​ Version សម្ដែង​ដោយ​មនុស្ស​ប្រាកដ​ណាស់​ នឹង​ទទួល​រង​នូវ​សម្ពាធ​ជា​ច្រើន​ ប៉ុន្តែ​ក្រុម​ការងារ​និង​អ្នកដឹកនាំ​បាន​ពុះ​ពារ​ហើយ​ផលិត​ចេញ​មក​បាន​ល្អ​មិន​ចាញ់ Version ដើម​នោះ​ឡើយ​។

តារា​សម្ដែង​ឯក​ទាំង​ពីរ​របស់​សាច់​រឿង​នេះ​ដូច​ជា​ Tori Matsuzaka និង Nana Seino ដែល​ដាក់​អារម្មណ៍​ចូល​មនោសញ្ចេតនា​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​ក្នុង​នោះ​តារា​សម្ដែង​វ័យ​ក្មេង​ដូច​ជា​ Tsubasa Nakagawa និង Runa Yasuhara ក៏​លេង​ចូលតួ​ល្អ​មិន​ចាញ់​តារា​រៀម​ច្បង​នោះ​ឡើយ​។

សម្រាប់​ភាពយន្ត​ដែល​ផលិត​តាម​រឿង​រ៉ាវ​នា​យុគសម័យ​បុរាណ​នេះ​ អាច​នឹង​មិន​សូវ​មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​និង​ទាក់ចិត្ត​យុវវ័យ​សម័យ​ថ្មី​​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​និយម​ទស្សនា​រឿងបែប​ Classic សូម​កុំ​រំលង​រឿង​នេះ​ឱ្យ​សោះ​។

សម្រាប់​អ្នក​ដែល​ចង់​ទស្សនា​រឿង​បែប​ជា​ Animate អាច​រក​មើល​បាន​នៅ​ក្នុង​ App Netflix ដោយ​គ្រាន់​តែ​វាយ​ឈ្មោះ​ Whisper of Heart រួច​ជា​ស្រេច​៕

ទស្សនា​វីដេអូ​ខ្លី​ៗ​នៃ​សាច់​រឿង​ Whisper of Heart ខាង​ក្រោម៖

Share.