គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយនឹងគម្រោងសាងសង់ស្ពានននេះ ក៏មានដែរ ការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ មានទឹកប្រាក់ចំនួន ៧០,០០០,០០០ដុល្លារ។ គម្រោងទាំងពីរ ចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។

ទឹកប្រាក់ក្នុងគម្រោងសាងសង់ស្ពាន និងគម្រោងផ្សេងៗទៀតដែលបានចុះហត្ថលេខានាថ្ងៃនេះ គឺជាទឹកប្រាក់កម្ចីពីសាធារណរដ្ឋកូរ៉េ។ ការសាងសង់ស្ពានឆ្លងពីភ្នំពេញទៅកាន់ឃុំអរិយក្សត្រ ស្រុកល្វាឯមនាពេលនេះ មិនត្រឹមតែផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋស្រុកល្វាឯម និងខ្សាច់កណ្ដាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមិទ្ធផលជួយជ្រោមជ្រែងបន្ថែមទៀតដល់គម្រោងបង្កើតទីក្រុងល្វាឯម ចំណុះឱ្យខេត្តកណ្ដាល ដូចដែលត្រូវបានប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

ដោយឡែក ក្រោមអធិបតីភាពសម្ដេចតេជោនា​ឱកាសនោះដែរ ក៏មានការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ មានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារ ចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តមប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានគូសបញ្ជាក់ ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕

Share.