បាត់ដំបង÷ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលពេញរោងបុណ្យ ខណៈព្រលឹងបុរសដែលខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងក្រុងបាត់ដំបង បានសណ្ឋិតចូលរូបក្មេងស្រីម្នាក់សុំទៅជួបឳពុកម្តាយ និងប្រពន្ធដើម្បីសុំទោសផ្តាំផ្ញើចុងក្រោយ។

ប្រភពសាច់ញាតិរបស់ជនរងគ្រោះបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២២នេះថា ស្របពេលដែលក្រុមគ្រួសារកំពុងរៀបចំកម្មវិធីបុណ្យសពនៅវេលាម៉ោងជិត ៤:០០នាទីថ្ងៃទី ០៩ ខែវិច្ឆិកា នេះវិញ្ញាណជនរងគ្រោះឈ្មោះរឿង សារ៉ង ភេទប្រុស អាយុ ២០ឆ្នាំ ដែលបានស្លាប់បានទៅសណ្ឋិតចូលរូបលើក្មេងស្រីម្នាក់ដោយទទូចសុំមកជួបក្រុមគ្រួសារឱពុកម្តាយ និងប្រពន្ធផ្តាំផ្ញើចុងក្រោយឲ្យបងប្អូនថែររក្សាពុកម៉ែ ព្រមទាំងអ៊ុំ និងតាយាយៗ។

យោងតាមការរៀបរាប់របស់ក្មេងស្រីដេលមានទីលំនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបងដែលវិញ្ញាណជនរងគ្រោះស្លាប់សុំឲ្យពាំពាក្យក្នុងចិត្តទៅប្រាប់ដល់ក្រុមគ្រួសារបានបញ្ជាក់ថា ជនរងគ្រោះនៅវេលាម៉ោងទៀបភ្លឺបានមកសណ្ឋិតក្នុងរាងកាយរបស់នាងក្នុងគោលបំណងចង់ផ្តាំផ្ញើលោកអ្នកមានគុណ និងចង់ឱបប្រពន្ធនាថ្ងៃក្រោយ ប្រសិនបើនាងម្ចាស់រូបមិនព្រមធ្វើតាមទេនឹងកាច់យកនាងទៅជាមួយហើយ។

ក្មេងស្រីម្ចាស់រូបដែលត្រូវសណ្ឋិតចូលរូបភ្លាមៗបានយំរំអុកនៅវេលាទៀបភ្លឺ ឲ្យសាច់ញាតិនាំខ្លួនទៅស្វែងរកផ្ទះរបស់គាត់ រហូតឃើញហើយបានស្ទុះទៅថ្វាយបង្គំឳពុកម្តាយរួចសុំខមាទោសឲ្យឳពុកម្តាយលើកលេងទោសឲ្យនូវកំហុសឆ្លងដែលខ្លួនបានប្រព្រឹត្តមិនគប្បីកន្លងមក ថែមទាំងផ្តាំផ្ញើរឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបានមកផ្តន្ទាទោស បន្ទាប់មកវិញ្ញាណបុរស រឿង សារ៉ង បានទៅស្ទុះទៅយំសោកយ៉ាងទន់ខ្លួនឱបប្រពន្ធបន្តទៀត ហើយបានពោលពាក្យថាបងលាអូនរហូតហើយ ឲ្យបងសុំទោសដែលមិនបានទៅរស់នៅក្នុងបន្ទប់ទើបធ្វើថ្មីជាមួយគ្នា។ ការសន្ទនាក្នុងបរិយាកាសអាប់អួ និងទួញសោកទាំងវិញ្ញាណជនរងគ្រោះ និងទាំងសាច់ញាតិ អ្នកជិតខាងដែលចូលរួមក្នុងពិធីបុណ្យសពយ៉ាងទ្រហឹងអឺងកងមិនបានប៉ុន្មានផង វិញ្ញាណជនរងគ្រោះបានសុំលាចាកចេញពីរូបក្មេងស្រីខាងលើតែម្តងទៅ៕

អត្ថបទ៖ ដំបងក្រញូង

