ភ្នំពេញ ៖ ជនដៃដល់ចិត្តដាច់ ហ៊ានខ្ទប់ច្រមុះសម្លាប់ប្រពន្ធខ្លួន ព្រោះតែភ្លើងប្រច័ណ្ឌ នៅក្នុងបន្ទប់ជួលហើយរត់គេចខ្លួនកាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅបន្ទប់ជួលលេខ១ ផ្លូវលំ ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយរត់គេចខ្លួនបាត់ អស់រយៈពេល៦ច្ងៃ ទើបនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី០៩ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មប្រទណ្ឌក្រសួងមហាផ្ទៃ សហការស្រាវស្រាវចាប់ខ្លួនបានហើយ នៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិប្រក់ក្តារ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល រួចនាំខ្លួនទៅកាន់ស្រួងមហាផ្ទៃ ។

ជនសង្ស័យឈ្មោះ គឹម សំអាន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះជាប្រពន្ធ មានឈ្មោះ ឡៃ គា ហៅអាឈី អាយុ៣៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។

តាមសមត្ថកិច្ច ក្រោយពីសាកសួរនិងស្រាវជ្រាវ បានឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធកន្លងមកឈ្លោះចែកផ្លូវគ្នាម្តងហើយ រួចក៏ត្រូវគ្នាវិញ ដោយសារតែភ្លើងប្រច័ណ្ឌ រវាងប្តីលើប្រពន្ធ ។ សមត្ថកិច្ចបន្តទៀតថា ក្រោយពីអ្នកទាំង២ត្រូវរ៉ូវគ្នា ហើយក៏បានទៅជួលបន្ទប់ស្នាក់នៅ ក្នុងភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ស្នាក់នៅជាមួយគ្នាបានមួយយប់ អ្នកទាំង២កើតជម្លោះ ព្រោះតែភ្លើងប្រច័ណ្ឌ រហូតដល់ជនសង្ស័យជាប្តី យកកន្សែងពោះគោ ខ្ទប់ច្រមុះមាត់ ប្រពន្ធ បណ្តាលឲ្យស្លាប់ក្នុងបន្ទប់ទើបជួលមិនទាន់បាន១ថ្ងៃផង រួចវេលាជិតភ្លឺថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ជនដៃដល់បិទទ្វារចាក់សោ ជិះម៉ូតូគេចចេញទៅបាត់ ។
ស្ត្រីរងគ្រោះទោះជាប្តីសម្លាប់ទុកក្នុងបន្ទប់ពិតមែន តែអ្នកជិតខាងមិនបានចាប់អារម្មណ៍ឡើយ រហូតដល់កូនម្ចាស់ផ្ទះ ដើរស្រង់គីឡូកុងទ័រទឹក ភ្លើង ធុំក្លិនស្អុយ អើតមើលក្នុងបន្ទប់លេខ១ ទើបដឹងថាមានមនុស្សស្លាប់ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ដោយសារប្តី ជាអ្នកសម្លាប់។ក្រោយមកសមត្ថកិច្ចបានដឹកសពយកទៅតំកល់ទុកនៅវត្តសំបូរមាស រហូតដល់ល្ងាចថ្ងៃដដែល ទើបស្រាវជ្រាវរកសាច់ញាតិឃើញ រួចប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីឃាតកម្មខាងលើ ត្រូវបានកម្លាំងជំនាញ ក្រសួងមហាផ្ទៃ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការខេត្តកណ្តាល ក្រោយពីបើកការស្រាវជ្រាវ ទីបំផុត សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយ គ្រាដែលកំពុងធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ ឆ្ពោះមករាជធានីភ្នំពេញ តែស្ទាក់ចាប់ខ្លួនបាននៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិប្រក់ក្តារ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ
