ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូធុនធំបើកល្បឿនលឿន ជ្រុលបុកសត្វក្របី៣ក្បាលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យងាប់មួយក្បាលបានងាប់ភ្លាមៗនៅកន្លែងមួយក្បាលទៀតបាក់ជើង ឯម៉ួតូអូសជាង១០០ម៉ែត្រ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូធុនធំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-3720 គ្នា២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលបុកសត្វក្របី៣ក្បាលដែលកំពុងដើរឆ្លងផ្លូវពីលិចទៅកើត បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ម៉ូតូអូសជាង១០០ម៉ែត្រ ឯសត្វក្របីមួយក្បាលងាប់ភ្លាមៗនៅកន្លែង មួយក្បាលទៀតរបួសបាក់ជើង ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តគ្លីនិកឯកជន ណាត្រា មានជ័យដឹកយកទៅ ចំណែកម្នាក់ទៀតរថយន្តគ្លីនិកស័ង្គម៉ារីដឹកយកទៅ ពេទ្យផ្សេងគ្នា ។ ចំណែកសត្វក្របីងាប់មួយក្បាល រួមជាមួយម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រីឯសត្វក្របីមួយក្បាលបាក់ជើង និងមួយក្បាលទៀត ប្រគល់ឲ្យអាជ្ញាធរ ចាត់វិធានការ ចាប់យកទៅរក្សាទុកនៅសង្កាត់ ដើម្បីស្រាវជ្រាវស្វែងរកម្ចាស់ មកដោះស្រាយតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.