បាត់ដំបង÷ យុវជនម្នាក់បាត់ខ្លួនពីផ្ទះជាង៤០ថ្ងៃ ស្រាប់តែប្រទះឃើញសល់តែគ្រោងឆ្អឹងក្នុងចម្ការដំឡូងក្នុងស្រុកភ្នំព្រឹក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតក្នុងចម្ការដំឡូងក្បែជើងភ្នំវែង ក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

តាមការបញ្ជាក់ពីឪពុកសពជនរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់ឈ្មោះយន់ រីណា អាយុ ២៨ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ រស់នៅក្នុងភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក មានមុខរបរទិញលក់ត្រី និងមានគូរដណ្តឹងជិតដល់ថ្ងៃចូលរោងការទៅហើយ។ ក្រោយពីប្រទះឃើញសព គឺមានសភាពរលួយក្រៀមសល់តែគ្រោងឆ្អឹង និងបាត់ប្រអប់ ជើងទាំងសងខាង នៅសល់តែខោអាវគ្របដណ្តប់ឆ្អឹងប៉ុណ្ណោះ។

លោកបានបន្តថា កូនរបស់គាត់បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២មក ដោយមិនបានដឹងទៅទីកន្លែងណា ចំណែកម៉ូតូ លុយកាក់ និងគ្រឿងអលង្ការផ្សេងៗជនរងគ្រោះមិនបានយកជាប់ទៅជាមួយឡើយ ដោយយកតែទូរស័ព្ទមួយគ្រឿងទៅជាមួយប៉ុណ្ណោះ ក្រោយមកក៏ទាក់ទងលែងបានរហូតតែម្តង។

តាមប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានខ្សឹបខ្សៀវថា ករណីនេះអាចពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម។ បច្ចុប្បន្នសមត្ថកិច្ចកំពុង ស្រាវជ្រាវ នឹងប្រមូលវត្ថុតាងដើម្បីបញ្ជាក់ពីកាស្លាប់របស់ជនរងគ្រោះ៕

អត្ថបទ៖ ដំបងក្រញូង

