ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង បន្ទាប់ពីជិះម៉ូតូល្បឿនលឿន មិនបានចាប់អារម្មណ៍ ជ្រុលធ្លាក់ចូលលូ ការដ្ឋានកំពង់សាងសង់តាមផ្លូវ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១១ ពាក់ស្លាកលេខ 1AC-6157 បើកល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ មានការដ្ឋានកំពុងសាងសង់ប្រព័ន្ធលូតាមផ្លូវ ជនរងគ្រោះមិនបានចាប់អារម្មណ៍ ម្យ៉ាងងងឹតផង ធ្វើឲ្យជ្រុលធ្លាក់ទាំងមនុស្ស ទាំងម៉ូតូចូលលូ រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ សមត្ថកិច្ច ជួយលើកយកចេញ ត្រូវបានរថយន្តសង្គ្រោះប្រតិបត្តិស្រុក ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ ៕


អត្ថបទ៖ តាតុងសែនជ័យ

