នៅម៉ោង៩ និង៣០នាទីព្រឹកម៉ោងនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវនឹងម៉ោង៣ និង៣០នាទីរសៀល ម៉ោងនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រកបដោយសុវត្ថិភាពហើយ។

វត្តមានសម្ដេចតេជោ ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិព្រុចសែល ត្រូវបានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ តំណាងអគ្គលេខាធិការនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ,ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបែលហ្ស៊ិក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

ទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក ក៏បានផ្សាយផ្ទាល់នូវទិដ្ឋភាពដែលប្រជាពលរដ្ឋខ្មែរក្មេង ចាស់ ប្រុស ស្រី បានជួបជុំគ្នាទទួលស្វាគមន៍វត្តមានសម្ដេចតេជោ នាយករដ្ឋមន្រី ក្នុងបរិយាកាសប្រកបដោយភាពស្និតស្នាល និងរំភើបរីករាយយ៉ាងក្រៃលែង។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ក្នុងនោះឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោផងដែរ។ នេះបើតាមក្រសួងការបរទេសកម្ពុជា៕

Share.