ភ្នំពេញ៖ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើករថយន្តលុចស៊ីស RX 300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-4404 ធ្វើដំណើរតាមបណ្ដោយវិថីចោមចៅ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងមិនសុីញ៉ូនិងមិនបានប្រយ័ត្ន ត្រូវយុវជនបីនាក់ជិះម៉ូតូ 2 គ្រឿងក្នុងនោះមានម៉ាកហុងដា ឌ្រីមពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1CF-6309 ឯមួយគ្រឿងទៀតពាក់ស្លាកលេខ ស្វាយរៀង1O-4816 ធ្វើដំណើរក្នុងទិសដៅស្របគ្នា មកបុកពេញទំហឹងចំពាក់កណ្ដាលឡាន បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតខ្ទេចផ្នែកខាងមុខដូចគ្នា។ ឯយុវជនម្នាក់ត្រូវគាបជាប់ក្រោមរថយន្ត ហើយបុរសជាអ្នកបើករថយន្តបង្កមិនបានឈប់ទេដោយបើកអូសជាងមួយគីឡូដី ទើបរបេះជនរងគ្រោះចេញដោយខ្លួនឯង រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ ចំណែកយុវជនពីរនាក់ទៀតរងរបួសស្រាល។ ប្រភពដដែលបន្តទៀតថារថយន្តខាងលើ មិនបានឈប់ទេដោយបើកចូលក្នុងបុរីហុងស៊ុយ ចតរថយន្តចោលហើយទៅសំងំទៅដេកធ្វើមិនដឹង។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 2:30 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2022 ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចនរគបាលជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែង រួចស្ទូចរថយន្ដនិងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕



អត្ថបទ៖ត្រយងតូច
