ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗ ជាប់ពីក្រោមកង់រថយន្ត និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តសណ្តោងទ្រុង បែនបើកកៀរកិនម៉ូតូហុងដាឌ្រីម ពីក្រោយ ក្នុងដំណើរស្របទិស កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូច២១៧ ចំណុចស្ពានព្រែកជ្រៃ ភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ឈ្មោះ ឡៅ ជំនោ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ មានឈ្មោះ សៀង ឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ព្រូរថយន្ត មានទីលំនៅ ស្រុកបារាយណ៍ខេត្តកំពង់ធំ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ02 3-3214 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ខេមរភូមិន្ទ02 4-3214 បើកបរដោយឈ្មោះ ដុក រ៉ាទិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបេីករថយន្ត មានទីលំនៅភូមិចំបក់ រុនត្បូង ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបើកពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុលកៀរម៉ូតូរបស់ជនរងគ្រោះ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-5513 កំពុងជិះឌុបគ្នាសប្របទិស ដួលហើយកិនពីលើជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែង អ្នករួមដំណើររងរបួសធ្ងន់។ចំណែកអ្នកបើកបររថយន្ត ក្រោយពីដឹងថាកិនមនុស្សស្លាប់ លោតចុះបម្រុងរត់គេច ត្រូវបានប្រជាពលរដ្ឋ ឃាត់ប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅព្យាបាល។ចំណែកសាកសពត្រូវបានសមត្ថកិច្ចពិនិត្យ ធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង សមត្ថកិច្ចនាំយកទៅករិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទើតាតុង សែនជ័យ
