ភ្នំពេញ ៖ រថយន្តសាំយ៉ុងបើកលឿនបុកជាមួយម៉ូតូហុងដាឌ្រីម បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បាក់ភ្លៅខាងឆ្វេង សន្លប់ស្តូកស្តឹង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ិង៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុង ចំណុចភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1R-8086 ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកជាមួយរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-6033 បើកច្រាសទិសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ បាក់ភ្លៅខាងឆ្វេង សន្លប់សហតូកស្តឹង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដឹកយកទៅ ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងវាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.