ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានលួចទូរស័ព្ទក្នុងក្រុមហ៊ុនបានចំនួន៧គ្រឿង កាន់ដើរលក់តាមតូប មិនទាន់ដាច់បានមួយគ្រឿងផង ព្រោះជាទូរស័ព្ទចិន គ្មានអ្នកទិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ១០៥កា ទល់មុខផ្សារតាំងកសាង ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលចាប់ខ្លួនបាន មានឈ្មោះ ផៃ មករា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខ យាមប្រចាំ ក្រុមហ៊ុនតម្លើងទូរស័ព្ទ I phone របស់ចិន នៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅក្នុងក្រុមហ៊ុនមានស្រុកកំណើតនៅភូមិអារក្ស ឃុំត្រពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនតម្លើកទូរស័ព្ទ I phone ចិន ជនសង្ស័យបានធ្វើសកម្មភាពចូលលួច ទូរស័ព្ទ I phone ចំនួន៧គ្រឿង ក្នុងឃ្លាំងស្តុក នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ។ ការឈានទៅដាក់ពាក្យប្តឹងជនសង្ស័យនេះ គឺបន្ទាប់ពីពិនិត្យឆែកមើលតាមរយៈកាមេរ៉ាសុវត្តិភាព ស្គាល់មុខជនសង្ស័យ ជាអ្នកដេកយាមពេលយប់ ។លុះនៅវេលាម៉ោងខាងលើ ជនសង្ស័យច្រកទូរស័ព្ទមួយថង់កាន់យកទៅដើរលក់ នៅមុខផ្សារតាំងកសាង ត្រូវបានសន្តិសុខយាមក្រុមហ៊ុនដូចគ្នាទៅតាម ឃើញជាក់ស្តែង ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាង ទូរស័ព្ទចំនួន៧គ្រឿង នាំយកទៅសាកសួរ និងកសាងសំណុំរឿងនៅប៉ុស្តិ៍កាកាបទី១ តាមនីតិវិធីច្បាប់ ៕
អត្ថបទ៖តាតុង សែនជ័យ
