សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញបើកការដ្ឋានសាងសង់វិមានឯករាជ្យ ផ្សាររាត្រី និងសួនច្បារដែលរដ្ឋបាលខេត្តបានប្រសិទ្ធនាមថា«សួនសម្ដេចក្រឡាហោម» និងអះអាងថាសមិទ្ធផលថ្មីនេះ នឹងរួមចំណែកទាក់ទាញទេសចរណ៍ក្នុងស្រុក និងបរទេស ពិសេសពលរដ្ឋនឹងមានកន្លែងកំសាន្តក្នុងពិធីបុណ្យ ឬកម្មវិធីផ្សេងៗដែលរៀបចំដោយរដ្ឋបាលខេត្ត រួមទាំងការហាត់ប្រាណ និងកំសាន្តប្រចាំថ្ងៃក្នុងក្រុងបាត់ដំបង។

សម្ដេចក្រឡាហោម មានប្រសាសន៍ថាសមិទ្ធផលថ្មីនេះ នឹងជួយលើកតម្កើងសោភ័ណ្ឌភាពដងស្ទឹងសង្កែ ដែលជាស្ទឹងប្រវត្តិសាស្រ្ត និងមានប្រជាប្រិយ៍ភាពរបស់ខេត្ត ឱ្យកាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍។ សម្ដេចបន្តថាតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍នេះ នឹងធ្វើឱ្យផលប្រយោជន៍នានាផ្នែកសេដ្ឋកិច្ចកាន់តែមានកំណើន ដូច្នេះសម្ដេចសង្ឃឹមប្រជាពលរដ្ឋនឹងផ្ដល់ការគាំទ្រគម្រោងសមិទ្ធផលនេះ ពិសេសការលក់ដូនៅក្នុងផ្សាររាត្រីប្រកបដោយដោយរបៀបរៀបរយ និងទាក់ទាញ។

ចំណែកគម្រោងសាងសង់សួនសម្ដេចក្រឡាហោម បានរៀបចំលើផ្ទៃដីប្រមាណ១៣ ៦០០ម៉ែត្រការ៉េ និងគម្រោង​សាងសង់ផ្សាររាត្រីក្រុងបាត់ដំបង សាងសង់ឡើងលើផ្ទៃដី២៤២៥ម៉ឺត្រការ៉េ មានចំងាយប្រមាណ៥០០ម៉ឺត្រពីទីតាំងវិមានឯករាជ្យ មានតូបចំនួន១៣២តូប ក្នុងនោះតូបលក់អាហារនិងភេសជ្ជៈមាន៣២តូប តូបលក់គ្រឿងអនុស្សាវរិយ៍និងសម្លៀកបំពាក់មាន១០០តូប ខណៈនៅខាងក្រៅផ្សារមានចំណតយានយន្ត។ នេះបើតាមការថ្លែងពីអភិបាលបាត់ដំបង។

សូមបញ្ជាក់គម្រោងសាងសង់វិមានឯករាជ្យ បានសាងសង់លើផ្ទៃដីសរុបចំនួន៩៦២ម៉ឺត្រការ៉េ គ្រោងសាងសង់រយៈពេល៦ខែកន្លះ ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងនេះចំណាយដោយថវិការដ្ឋបាលខេត្ត និងដៃគូវិនិយោគដែលជាក្រុមហ៊ុនឧកញ៉ា ហេង តុលា សរុបការចំណាយប្រមាណ៣លាន ៣សែនដុល្លារ។ ខេត្តបាត់ដំបង បានឈរជាខេត្តមានភ្ញៀវទេសចរណ៍ទៅកាន់កំសាន្តច្រើនជាងគេនាប៉ុន្មានឆ្នាំចុងក្រោយ។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍៕

Share.