ភ្នំពេញ ៖ ដូនចាស់ម្នាក់ ក្រោយពីបាត់ដំណឹងសូន្យឈឹង ផ្ទះដែលស្នាក់នៅចាក់សោជាប់ពីក្នុង អស់រយៈពេល១៥ថ្ងៃ គ្រាន់តែឃើញបិទទ្វារជិត ជាមួយសត្វឆ្កែចំនួន៤ក្បាល ធំក្លិនស្អុយអសោច អ្នកភូមិស្ទើរទ្រាំពុំបាន រហូតដល់ម្ចាស់ផ្ទះចាក់សោចូលមើល ឃើញដូនចាស់ដេកដួលក្នុងបន្ទប់ទឹក និងសត្វឆ្កែ២ក្បាលងាប់ក្នុងបន្ទប់ ផ្អើលឆោឡោ ទាំងសមត្ថកិច្ចមូលដ្ឋាន ទាំងអាជ្ញាធរ ទាំងម្ចាស់ផ្ទះផង អះអាងថាដូនចាស់ស្លាប់ ឆ្កែ២ក្បាលងាប់ តែអ្វីមិននឹកស្មានដល់ បន្ទាប់ពីសមត្ថកិច្ចជំនាញ សាកសួរ កសាងឯកសាររួចរាល់ហើយ លុះដល់ចូលទៅពិនិត្យជាក់ស្តែង ស្រាប់តែដូនចាស់ នៅមានដង្ហើម ជីបចរនៅមាន គ្រាន់តែដួលសន្លប់ លាយឡំជាមួយក្លិនស្អុយខ្មោចឆ្កែ កាន់តែផ្អើលឆោឡោ សឹងតែមិនជឿ សន្លប់ជាង១០ថ្ងៃនៅមានដង្ហើម ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវលំ ក្រុម៣ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីខាងលើមានឈ្មោះ សុខ វណ្ណា អាយុ៧០ឆ្នាំ ក្រមុំចាស់ គ្មានសាច់ញាតិ ស្នាក់នៅចាំផ្ទះ ខាងលើ និងចិញ្ចឹមសត្វឆ្កែ៤ក្បាលផងដែរ ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ ចិន សុបិន្ទ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរជាគ្រូបង្រៀន មានទីលំនៅផ្ទះលេខ១៧២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមស្ត្រីម្ចាស់ផ្ទះ បានឲ្យដឹងថា គាត់បានឲ្យស្ត្រីរងគ្រោះ ស្នាក់នៅ មិនយកប្រាក់ឈ្នួល គ្រាន់នឹងបានមើលថែផ្ទះផង រួមជាមួយសត្វឆ្កែចំនួន៤ក្បាល កន្លះខែ ឬ១ខែ ទើបគាត់មកមើលម្តង ។

ស្ត្រីដដែលបន្តទៀតថា បន្ទាប់ពីទំនាក់ទំនងមិនបានអស់រយៈពេល៧ថ្ងៃមកហើយ ទើបនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ គាត់មកតាមមើល ជាក់ស្តែង ផ្ទះចាក់សោជាប់ពីក្នុង ភាយក្លិនស្អុយអសោច ចេញពីក្នុងផ្ទះ សាយភាយពេញភូមិ ស្ទើរទ្រាំពុំបាន។ លុះពេលដែលចាក់សោចូលទៅមើលខាងក្នុង ឃើញសត្វឆ្កែ២ក្បាលបានងាប់ក្នុងបន្ទប់ នៅរស់២ក្បាល ចំណែកជនរងគ្រោះដេកដួលក្នុងបន្ទប់ទឹក ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅមើល ឃើញថា ជនរងគ្រោះស្លាប់ក្នុងបន្ទប់ទឹក សត្វឆ្កែងាប់២ក្បាល សាកសួរ ធ្វើកំណត់ហេតុ រួចរាល់ហើយ។ លុះដល់សមត្ថកិច្ចជំនាញ គ្រូពេទ្យ ក៏ធ្វើឯកសាររួច លុះដល់ចូលពិនិត្យ ជាក់ស្តែង អ្វីដែលមិននឹកស្មានដល់ ជនរងគ្រោះនៅមានដង្ហើម ជីបចរនៅដើរ គ្រាន់តែដួលសន្លប់ ទៅវិញ ។
តាមប្រជាពលរដ្ឋ អ្នកក្បែរខាងបានឲ្យដឹងថា ស្ត្រីរងគ្រោះបាត់មិនឃើញចេញក្រៅអស់រយៈពេល១៥ថ្ងៃមកហើយ ផ្ទះចាក់សោជាប់ពីក្នុង ហើយក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ មានភាយក្លិនស្អុយចេញពីក្នុងផ្ទះ កាន់តែខ្លាំងឡើងៗ នាំគ្នាអើតមើល ក្នុងផ្ទះសុទ្ធតែលាមកឆ្កែ បាត់២ក្បាល ចំណែក២ក្បាលទៀតរត់ឆ្លេឆ្លា ទើបតែនៅរសៀលថ្ងៃនេះ ម្ចាស់ផ្ទះចាក់សោចូលមើល ឃើញសត្វឆ្កែងាប់២ក្បាល ស្ត្រីចំណាស់ដេកដួលក្នុងបន្ទប់ទឹក ក៏ផ្អើលឆោឡោថាស្លាប់ហើយ ទើបស្អុយយ៉ាងនេះ ។

សមត្ថកិច្ចជំនាញ អាជ្ញាធរ សាកសួរលើម្ចាស់ផ្ទះច្បាស់ ធ្វើកំណត់ហេតុ ឯកសាររួចហើយ លុះដល់ពេលសមត្ថកិច្ចជំនាញ គ្រូពេទ្យ ចូលទៅពិនិត្យជាក់ស្តែង ជនរងគ្រោះនៅមានដង្ហើម ងាប់តែសត្វឆ្កែ២ក្បាល ទើបក្លិនស្អុយ លាយឡំជាមួយលាមក ។
សមត្ថកិច្ចជំនាញធ្វើការសន្និដ្ឋានថា ជនរងគ្រោះ ខ្យល់គដួលក្នុងបន្ទប់ទឹក សន្លប់ ដឹងខ្លួនវិញងើបមិនរួច ដាច់អារហារ មានតែហូបទឹក ទើបនៅមានដង្ហើម តែដេកសន្លប់ ដឹងខ្លួនម្តងៗ។ ចំណែកសត្វឆ្កែ២ក្បាលបានងាប់ ដោយសារផ្ទះចាក់សោជិត ចេញទៅណាមិនរួច ដាច់ចំណីដូចម្ចាស់ រហូតងាប់២ក្បាល ចំណែក២ក្បាលទៀត នៅមានជីវិត តែបាក់កម្លាំង ។
ក្រោយពីពិនិត្យឃើញថាជនរងគ្រោះនៅមានដង្ហើម ម្ចាស់ផ្ទះបានហៅរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ៖តាតុង សែនជ័យ
