ភ្នំពេញ ៖ បុរស-ស្ត្រីពីរនាក់រងរបួស បន្ទាប់ពីជិះម៉ូតូឌុបគ្នា លឿនហ្វ្រាំងមិនទាន់ជ្រុលបុកពីទទឹងរថយន្តLAND CRUISER កំពុងបើកឆ្លងផ្លូវ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវសហព័ន្ធរុស្សុី ច្រកចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្តម៉ាក LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 16 02-0454 បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ ពីត្បូងទៅជើង មិនទាន់ផុតផង ស្រាប់តែភាគីម៉ូតូ ហុងដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1S-4712 ជិះគ្នា២នាក់ ប្រុស១នាក់ ស្រី១នាក់ បើកលឿនពីកើតទៅលិច ហ្វ្រាំងមិនទាន់ជ្រុលបុក បណ្តាលឲ្យបោកផ្ទប់រងរបួសធ្ងន់ស្រាល២នាក់ ។

ជនរងគ្រោះទាំង២នាក់ក្រោយកើតហេតុភ្លាមៗ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន រងចាំភាគីសងខាងដោះស្រាយគ្នាពេលក្រោយទៀត ៕
អត្ថបទ៖ តាតុងសែនេជ័យ

