សិល្បៈអន្តរជាតិ៖ មួយរយៈនេះស្ថានភាពជំងឺកូវីដនៅប្រទេសចិនមានចំនួនកើនឡើង ដោយសារតែការដកវិធានការរឹតត្បិតកូវីដ ដូច្នេះហើយធ្វើឱ្យចំនួនថ្នាំពេទ្យមានការខ្វះខាតព្រោះប្រជាជនចិនព្យាយាមទិញថ្នាំនិងឧបករណ៍សុខាភិបាលស្ដុកទុក។ នៅក្នុងនោះតារាសម្ដែងរូបសង្ហា Lin Gengxin ក៏កំពុងតែជួបវិបត្តិដូចគ្នារហូតដល់ថ្នាក់យកខោទឹកនោមកូនក្មេងមកប្រើជំនួសបន្ទះបញ្ចុះកំដៅ។

យោងតាមការចែករំលែកលើ Weibo របស់តារាសម្ដែងចិន Lin Gengxin លោកបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែជាអកុសលលោកមិនបានអាចរកឧបករណ៍ ឬ បន្ទះបិទបញ្ចុះកំដៅមកប្រើប្រាស់បាន ហេតុនេះហើយទើបលោកចាំបាច់ត្រូវតែប្រើប្រាស់វិធីសាស្ត្របុរាណឬវិធីសាស្ត្រតាមអនឡាញ។ ជាមួយនឹងការផុសនោះបុរសសង្ហារូបនេះក៏បានចែករំលែករូបភាពកន្ទប ឬខោទឹកនោមកូនងែតផងដែរ។

តាមរយៈការបង្ហោះនេះ ប្រុសស្អាតវ័យ ៣៤ឆ្នាំ ចង់ចែករំលែកឱ្យដឹងវិធីសាស្ត្រថ្មីយកខោទឹកនោមកូនក្មេងមកប្រើប្រាស់ជំនួសឱ្យបន្ទះកាត់បន្ថយកំដៅ ដែលកំពុងតែមានការល្បីល្បាញខ្លាំងនៅលើអ៊ិនធឺណិត។ ចំពោះវិធីសាស្ត្រប្រែក្លាយពីខោទឹកនោមទៅជាបន្ទះបន្ថយកំដៅនោះគឺងាយបំផុត ដោយដំបូងឡើយត្រូវចាក់ទឹកចូលទៅក្នុងខោទឹកនោម រួចយកខោនោះទៅក្លាហ្សេក្នុងទូរទឹកកក រយៈពេល៣០នាទី បន្ទាប់មកយកខោនោះមកពាក់លើក្បាលដើម្បីជួយឱ្យកំដៅថយចុះ។

បើយោងតាមការចែករំលែករបស់ តួប្រុស«ភ្នាក់ងារពិសេសព្រះនាងតូច» បានឱ្យដឹងថាវិធីសាស្ត្រមួយនេះមានប្រសិទ្ធិភាពខ្ពស់បន្ទាប់ពីលោកបានសាកល្បងដោយខ្លួនឯងរួចមក។ អ្នកគាំទ្របានកោតសរសើរចំពោះភាពឆ្លាតវៃនិងច្នៃប្រឌិតរបស់លោក ខណៈដែលអ្នកខ្លះទៀតបែរជាឆ្ងល់ថាហេតុអីបានជាកំលោះនៅលីវដូចជាលោកបែរជាមានខោទឹកនោមនៅក្នុងផ្ទះទៅវិញ។
«តើអ្នកមានកូនហើយ ប៉ុន្តែមិនប្រាប់អ្នកគាំទ្រមែនទេ?» «តើរបស់នោះគឺជាខោទ្រនាប់ស្លៀកពេលយប់របស់មិត្តស្រីលោកមែនទេ?» ដោយឡែកមានអ្នកគាំទ្រម្នាក់បានទទូចសុំឱ្យ Gengxin ធ្វើរូបភាពបង្ហាញវិធីសាស្ត្រ DIY បង្កើតបន្ទះបន្ថយកំដៅដោយខ្លួនឯង។ «ទោះជាស្ដាប់មើលទៅមិនគួរនិយាយ ប៉ុន្តែតើលោកអាចថតរូបខ្លួនឯងពាក់ក្បាលនឹងខោទឹកនោមកូនក្មេងផងបានទេ?»
មតិលើកឡើងរបស់បុគ្គលខាងលើនេះ បានធ្វើឱ្យ Gengxin អត់ទ្រាំមិនឆ្លើយតបមិនបាន ដោយលោកបានចេញមកតបវិញថា៖ «ខ្ញុំគិតថាអ្នកគួរតែមានការគោរពខ្លះចំពោះអ្នកដទៃ»៕
ប្រភព៖ 8days



