ភ្នំពេញ ៖ ក្រុមKP zin ជារហស្សនាមរបស់ក្រុមអ្នកលេង បងតូចបងធំប្រចាំភូមិ ចំនួន១៣នាក់ កំពុងផ្តុំគ្នាដេកលក់ក្នុងរោង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ឃាត់ខ្លួនបាន ដកហូតបានម៉ូតូ ៣ គ្រឿង កាំបិតបុ័ងតោមួយដើម គ្រាដែលកម្លាំងសមត្ថកិច្ចដើរស្វែងរកម៉ូតូមួយគ្រឿង មានភ្ជាប់ប្រព័ន្ធGPS ក្រោយពីនារីចិត្តស្លុយ២នាក់ ឆបោកពីយុវជនម្នាក់យកទៅ ត្រង់ចំណុចដីឡូត៍ទុកចោលមួយកន្លែងក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមKP zin ជាក្រុមអ្នកលេង ក្មេងជើងកាង ទំនើង ប្រចាំភូមិ ដើរបង្កបញ្ហា វាយ កាប់ចាក់ ក្នុងមូលដ្ឋាន លែងស្តាប់ម៉ែឪ លែងដេកផ្ទះ ប្រមូលផ្តុំគ្នាដើរដេកក្នុងរោង។ បើគេមើលមួយភ្លែតថារោងទា ប៉ុន្តែនៅពេលសមត្ថកិច្ចដើរទៅអើតមើល ឃើញក្មេងស្ទាវ១៣នាក់ ដេកគរលើគ្នា ។
សមត្ថកិច្ចបន្តទៀតថា មុនឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះ គឺ មានយុវជនម្នាក់ឈ្មោះ ចែម រ៉ាម៉ា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានស្គាល់ ស្រឡាញ់គ្នា ជាមួយនារី បែកស្លុយ២នាក់ អស់រយៈពេល១ខែមកហើយ ធ្លាប់នាំគ្នាដើរលេង ធ្លាប់ដេកដាច់យប់ ហើយនារីទាំង២នាក់នោះក៏ជាមនុស្ស ដែលក្រុមក្មេងទំនេងទាំង១៣នាក់ធ្លាប់ស្គាល់ដែរ ។ស្រាប់តែនៅព្រលប់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ យុវជន ឈ្មោះ ចែម រ៉ាមា បានឆាតណាត់បបួលនារីទាំង២នាក់ឌុបចេញពីផ្លូវជាតិ លេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ដើរលេង ទៅហូបបង្អែម នៅតាមផ្លូវសហព័ន្ធរុស្សុី ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង១០យប់ ថ្ងៃដដែល ស្រាប់តែនារីជាសង្សារទាំង២នាក់នោះ ឆ្លៀតឱកាសបោកយកម៉ូតូរបស់យុវជនរងគ្រោះ ទៅបាត់។ម៉ូតូម៉ាកហុងដាឌ្រី ស៊េរី២០២២ ពណ៌ក្រហម ពាក់ស្លាក លេខ 1JU-6279 ។

ក្រោយពីចាញ់ល្បិចស្រីបោកអស់ម៉ូតូមួយគ្រឿង រហូតដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣។ លុះឲ្យក្រុមហ៊ុនឆែកពិនិត្យមើលតាមរយៈGPS ឃើញសញ្ញាលោតត្រង់ចំណុចដីឡូត៍ទុកចោល ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ទាំងម្ចាស់ម៉ូតូ ទាំងសមត្ថកិច្ចចុះទៅស្វែងរក បែរជាប្រទះឃើញក្រុមក្មេងទំនើង១៣នាក់ រហស្សនាមក្រុមអ្នកលេង KP zin រីឯម៉ូតូមិនឃើញឡើយ តែឃើញដុំGPS នៅតាមផ្លូវក្បែរកន្លែងក្មេងទំនើងដេក ក៏ឃាត់ខ្លួនតែម្តង ដកហូតបានម៉ូតូ៣គ្រឿង កាំបិតបុ័តោមួយដើម ។

បន្ទាប់ពីឃាត់ខ្លួនក្រុមអ្នកលេងបាន១៣នាក់ ខណៈដែលសមត្ថកិច្ចខណ្ឌកំបូលកំពុងតាមចាប់ខ្លួនស្រាប់ផង សមត្ថកិច្ចបាននាំយកទៅសាកសួរនៅផ្នែកំនាញខណ្ឌកំបូល ។ រីឯយុវជនស្រីបោក សមត្ថកិច្ចនាំទៅបន្តសាកសួរ និងទទួលពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីស្រាវជ្រាវរកនារីសង្ស័យ២នាក់ខាងលើ៕


អត្ថបទ៖តាតុង សែនជ័យ
