ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់បញ្ជូនឈ្មួញរកស៊ីទិញលក់ដីធ្លីម្នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណី ឆបោកទឹកប្រាក់រាប់សិបលានដុល្លារ ពីអ្នកឧកញ៉ាម្នាក់រឿងលក់ដីខ្យល់។
ជនសង្ស័យឈ្មោះ ឈន បូរ៉ា ភេទប្រុស អាយុ៥៣ ឆ្នាំ មុខរបរ ពាណិជ្ជករ(ឈ្មួញរកស៊ីទិញលក់ដីធ្លី)មាន ទីលំនៅភូមិកោះក្រពើ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២ អ្នកឧកញ៉ាម្នាក់ បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់មនុស្ស៤នាក់ ថា កាលពីអំឡុងឆ្នាំ ២០១៤-២០១៥ ពួកគេបានឃុបឃិតគ្នា លក់ដីខ្យល់មួយកន្លែងទំហំ ៤៦ ហិកតា ដែលមានទីតាំងស្ថិតនៅភូមិព្រែកឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញក្នុងតម្លៃ ៧៣៦០០ ០០០ ដុល្លារអាមេរិក ។ ក្រោយមកឈ្មួញទាំង៤ នាក់នោះបានលក់ដីមួយកន្លែងទៀតឲ្យទៅអ្នកឧញ៉ាដដែល ដែលមានទំហំជិត១០ហិកតា ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ ១៣ ៩៣០ ០០០ ដុល្លារអាមេរិក ដោយអះអាងថា ជាដីកម្មសិទ្ធិស្របច្បាប់របស់ពួកគេ ។ នៅពេលទិញ.លក់ដីធ្លីនោះ អ្នកឧកញ៉ាដើមបណ្តឹងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅមនុស្សទាំង៤ នាក់សរុបចំនួន ៦១ ១៤៥ ០០០ ដុល្លារអាមេរិក ។ ក្រោយពីទទួលបានលុយរួចហើយឈ្មួញទាំង៤ នាក់ បានអូសបន្លាយពេលវេលា ពី១ខែទៅ១ខែ ពី១ឆ្នាំទៅ១ឆ្នាំ មិនបានធ្វើការចុះបញ្ជីកម្មសិទ្ធិដីធ្លីស្របច្បាប់ ឲ្យទៅអ្នកទិញតាមកិច្ចព្រមព្រៀងទិញលក់នោះទេ និងចេះតែគេចវេសមិនជួបជាមួយម្ចាស់ប្រាក់ទៀតផង ដល់ពេលគេតាមស្រាវជ្រាវជាក់ស្តែងទៅ ដីនោះជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយបាត់ទៅហើយ ពោលគឺជនទុច្ចរិតទាំង៤ នាក់ឃុបឃិតគ្នាលក់ដីខ្យល់ ។

ដោយយោងទៅលើពាក្យបណ្តឹង ឯកសារពាក់ពន្ធ និងកិច្ចព្រមទិញលក់ដីធ្លី សមត្ថកិច្ចបានកំណត់បានអត្តសញ្ញាណជនទាំង៤ នាក់ ពិតជាជនឆបោកទើបសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញ(មន្ត្រីគរបាលយុត្តិធម៌)បើកការស៊ើបអង្កេត និងស្រាវជ្រាវតាមនីតិវិធី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ គឺឈ្មោះ ឈន បូរ៉ា ជាឈ្មួញលក់ដីខ្យល់បានប្រាក់រាប់សិបលានដុល្លារអាមេរិក រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

អត្ថបទ៖ចតុមុខ
