បាត់ដំបង÷ ព្រះពុទ្ធរូបសង់ពីថ្មកែវមួយអង្គ គង់ក្នុងវត្តពោធិ៍ក្នុង ក្រុងបាត់ដំបងបានបាក់បែក និងបាក់ព្រះកេសដោយសារជនមិនស្គាល់ឈ្មោះម្នាក់ជិះម៉ូតូមកវាយបំផ្លាញបាក់ខ្ទេច។

ព្រះសង្ឃមួយអង្គគង់ក្នុងវត្តពោធិ៍ក្នុង ខាងលើបានមានសង្ឃដីកាថា ករណីវាយបំបាក់ព្រះកេសព្រះពុទ្ធរូបជាសមិទ្ធិ ផលក្នុងវត្តនេះបានកើតឡើងនៅរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ ត្រង់ទីសក្ការ:បូជាមួយកន្លែង ឋិតនៅក្រោមដើមពោធិ៍ ក្នុងបរិវេណវត្តពោធិ៍ក្នុង ភូមិរំចេក សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពសង្ឃដដែលបន្តសង្ឃដីកាថា នៅរសៀលថ្ងៃកើតហេតុមានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូមួយគ្រឿង និងមានពាក់មួកសុវត្ថិភាពបិទជិត មានអាយុប្រមាណជិត ២០ឆ្នាំ បានចុះពីលើម៉ូតូហើយទាញដុំថ្មដែលនៅក្បែរនោះរួចវាយទាំងកំរោលផ្ទួនៗបណ្តាលឲ្យបែកជាបំណែកៗ និងបាក់កព្រះកេសធ្លាក់ចុះមកដី។

ព្រះពុទ្ធរូប ដែលរងការបំផ្លាញដោយជនមិនស្គាល់មុខនេះមានកម្ពស់ជាងកន្លះម៉ែត្រ សាងសង់ពីថ្មកែវ ត្រូវបាន គណ:កម្មការវត្តរៀបចំនៅក្រោមដើមពោធិ៍ ជាទីសក្ការ:ដែលឧបត្តម្ភដោយព្រះសង្ឃមួយអង្គដែលគង់នៅក្នុងខេត្តព្រះវិហារ ទុកជាទីសក្ការ:គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរចំណុះជើងវត្តជិតឆ្ងាយ៕
អត្ថបទ៖ ដំបងក្រញូង

