កំពង់ស្ពឺ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងបើកបរនៅលើផ្លូវល្បឿនលឿន ស្ថិតនៅគន្លងផ្លូវល្បឿនលើស១០០គីឡូម៉ែត្រក្នុង១ម៉ោង ស្រាប់តែបុកពីក្រោយរថយន្តធុនធំប្រភេទដឹកបេតុង ដែលបើកខុសគន្លងផ្លូវបានកំណត់ បណ្តាលឲ្យរងខូចខាតខ្ទេចស្ទើរទាំងស្រុង រងរបួស២នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៤៦នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ត្រង់ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ការប្រើប្រាស់គន្លងផ្លូវ លើផ្លូវល្បឿនលឿន ត្រូវបានក្រសួងសាធារណៈការនិងដឹកជញ្ជូនបានប្រកាសផ្សព្វផ្សាយ ឲ្យអ្នកបើកបរត្រូវយល់ដឹង មុននឹងប្រើប្រាស់ផ្លូវល្បឿនលឿន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AK-8269 បើកបរដោយឈ្មោះមួង រុំ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅ ខេត្តកណ្ដាល រួមដំណើរដោយ ជនជាតិកូរ៉េ ម្នាក់ បានបើកបរពីទិសខា ងលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ) ក្នុងគន្លងឡាញផ្លូវល្បឿនលឿន (គន្លងវ៉ាជែង) លុះដល់ចំណុចកើតហេតុ ស្រាប់តែវ៉ាក់អើ ដោយសារមានរថយន្តធុនធំ ដឹកបេតុង មួយគ្រឿង ម៉ាកហ្វូតុន ពណ៌ស ពាក់ ស្លាក លេ ខ AT22 5-0220 បែជាប្រើប្រាស់គន្លងនោះដែរ ដែលខុសពីការណែនាំ ធ្វើឲ្យរថយន្តហាយឡែនឌ័រហ្វ្រាំងជាន់ជាប់ ជ្រុលបុកពីក្រោយ បណ្តាលឲ្យរងខូចខាតខ្ទេចស្ទើរទាំងស្រុង រងរបួស២នាក់ ។

តាមសមត្ថកិច្ចបានបញ្ជាក់ថា ផ្តើមចេញពីរថយន្តធុនធំ បើកខុសគន្លងផ្លូវ បានកំណត់ សម្រាប់រថយន្តធំតម្រូវឲ្យបើកនៅគន្លងផ្លូវខាងស្តាំ ហៅថាគន្លងផ្លូវចរាចរធម្មតា ជាប់នឹងគន្លងផ្លូវ មានអាសន្ន ទើបធ្វើឲ្យរថយន្តហាយឡែនឌ័រជួបឧបសគ្គ គ្រោះបែបនេះ ។

ក្រោយកើតហេតុ សមត្ថកិច្ចប្រចាំនៅក្រុមហ៊ុនផ្លូវល្បឿនលឿន ចុះទៅយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅបញ្ជរ ចំណត គីឡូម៉ែត្រលេខ២៦ របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.