រាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តសរុបជាង ៤០០០លានរៀននឹងត្រូវប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធពីកីឡាស៊ីហ្គេម លើកទី៣១ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។

តាមការគ្រោងទុក ពិធីប្រគល់រង្វាន់នេះនឹងធ្វើឡើង នៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលជាម្ចាស់មេដាយមាស ប្រាក់ និងសរឹទ្ធ ដែលដណ្តើមបានលើ១៥ប្រភេទកីឡា មានមេដាយមាស ៩វិញ្ញាសា ប្រាក់ ១៣វិញ្ញាសា និងសំរឹទ្ធ ៤១វិញ្ញាសា សរុប ៦៣វិញ្ញាសា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ។
ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងផ្តល់ជូនតាមគោលការណ៍នេះរួមមាន៖
- មេដាយមាស១គ្រឿង ទទួលបានប្រាក់រង្វាន់ ៤០លានរៀល
- មេដាយប្រាក់១គ្រឿងទទួលបាន ៣០លានរៀល
- មេដាយសំរឹទ្ធ១គ្រឿង ទទួលបាន១៦លានរៀល
ចំពោះគ្រូបង្វឹកទទួលបានប្រាក់រង្វាន់ ១០០%ស្មើនឹងកម្រិតមេដាយខ្ពស់ជាងគេ រីឯគ្រូជំនួយនឹងទទួលបាន ៧០%នៃមេដាយដែលអត្តពលិករបស់ខ្លួនដណ្តើមបាន។ ចំនួនគ្រូបង្វឹក និងអត្តពលិកជ័យលាភីដែលនឹងទទួលបានប្រាក់រង្វាន់នេះ សរុប ១៣៥នាក់ ក្នុងនោះគ្រូបង្វឹក៤២នាក់ និងអត្តពលិក ៩៣នាក់៕
ប្រែសម្រួលពី៖ Cambodia 2023


