ទុរេនក្នុងស្រុកសំឡូត ខេត្តបាត់ដំបងចាប់ផ្តើមទុំបណ្តើរៗហើយដែលកំពុងក្លាយជាទីលំហែកាយរបស់អ្នកទេសចរណ៍ក្នុងតំបន់។

ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ អ្នកស្រី ទៀង វល័ក្ខ រស់នៅក្នុងក្រុងបាត់ដំបងបាននាំ ក្រុមគ្រួសាររបស់អ្នកស្រីដែលមានសមាជិកជាង១០នាក់ទៅលេងនៅតំបន់សំឡូតនេះ។

អ្នកស្រីលើកឡើងថា ដំណើរទេសចរណ៍ក្នុងតំបន់ជាលក្ខណះគ្រួសារមានគ្នាចំនួនជាង ១០នាក់នេះលោកស្រីបានជ្រើសរើស យកថ្ងៃដើមសប្តាហ៍ដើម្បីលំហែរអារម្មណ៍ ពីព្រោះលោកស្រីមិនចង់ជួបមនុស្សម្នាច្រើនឡើយក្រៅពីសមាជិកគ្រួសារ។

យ៉ាងណាក៏អ្នកស្រីនិងគ្រួសារត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមគោលការណ៍ ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវផងដែរសំដៅទប់ស្កាត់ការរាលឆ្លងនូវជំងឺកូវីដ-១៩។

ទិដ្ឋភាពចម្ការដែលមានដើមទុរេន ដើមសាវម៉ាវ និងដើមឈើហូបផ្លែជាច្រើនមុខទៀតចេញផ្កាផ្លែស្អេកស្កះបានធ្វើឲ្យភ្ញៀវទេចសរណ៍រំភើបរីករាយ រសាយទុកកង្វល់ទាំងឡាយ។បន្ថែមលើនេះ ភ្ញៀវទេសចរណ៍ក៏អាចជ្រើសរើសទិញផ្លែទុរេន ឬសាវម៉ាវធម្មជាតិផ្ទាល់របស់ប្រជាពលរដ្ឋដោយមិនបារម្ភពីផ្លែឈើដែលនាំចូលមកពីក្រៅប្រទេសមានសារធាតុគីមីនោះឡើយ។

ចំណែកលោក ហ៊ឹម សារិន វ័យជាង ៦០ឆ្នាំជាម្ចាស់ចម្ការទុរេននៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបងបានឲ្យដឹងដែរថា ចម្ការរបស់លោកមានដើមទុរេនជាង ២០០ដើម។ ឆ្នាំនេះធុរេនកាន់ផ្លែបានច្រើនគួរសមហើយចាប់ផ្តើមពេញចំណាស់ និងទុំជាបណ្តើរៗហើយដែរចាប់តាំងពីពាក់កណ្តាលខែឧសភាមក។ ធុរេនដែលដាំដុះនៅលើដែនដីស្រុកសំឡូតមានក្លិនក្រអូប និងរសជាតិផ្អែមខ្ទិះឆ្ងាញ់។ គុណភាពធុរេន និងឈើហូបផ្លែចម្រុះដទៃទៀតនេះបានបើកទីផ្សារយ៉ាងទូលាយសម្រាប់គ្រួសាររបស់លោក ក៏ដូចជាកសិករផ្សេងទៀត ទាំងតាមរយ:ការចូលមកទិញផ្ទាល់ដល់ចម្ការ និងទាំងតាមការបញ្ជាទិញតាមប្រព័ន្ធអនឡាញជាដើម ដោយក្នុងមួយថ្ងៃលោកអាចលក់ទុរេនបានមិនតិចជាង ៣០០គីឡូក្រាមឡើយ។

ទីផ្សារទុរេននៅសំឡូតរួមមាន: ខេត្តបាត់ដំបង សៀមរាប ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំ និងទីក្រុងភ្នំពេញ។

   លោកបន្តថា÷ បច្ចុប្បន្នទុរេនទុំលក់ក្នុងតម្លៃ ២៥០០០រៀលក្នុងមួយគីឡូក្រាម តែបើទុរេនបេះចាស់ដើមរយ:ពេល ៣ថ្ងៃទុំលក់បានក្នុងមួយគីឡូក្រាមតម្លៃពី ២២០០០-២៣០០០រៀល។ ទុរេនក្នុងភូមិសាស្ត្រស្រុកសំឡូតភាគច្រើនពេញចំណាស់ទុំនៅអំឡុងខែឧសភា និងស្បើយអស់ផ្លែនៅអំឡុងខែសីហា ក្រៅពីនេះអាចមិនមែនជាផលិតផលទុរេនសំឡូតនោះឡើយ៕

អត្ថបទ៖ដំបង ក្រញូង

Share.