បាត់ដំបង៖ សមត្ថកិច្ចក្រសោបបានមុខសញ្ញាប្រើប្រាស់អាវុធ និងសេពគ្រឿងញៀន ប្រុសស្រីចំនួន ៨នាក់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី០៨ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល ដែលបង្ក្រាបករណីនេះជាក់ស្តែងបានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានបាន ឮសំឡេងផ្ទុះអាវុធមួយគ្រាប់ រួចកម្លាំងផ្នែកជំនាញបានចុះទៅពិនិត្យក៏ប្រទះឃើញជនសង្ស័យទាំងអស់កំពុងសម្ងំប្រើប្រាស់គ្រឿងញៀន ភ្លាមៗកម្លាំងនគរបាលបានឆែកឆេរ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៨នាក់តែម្តង ប៉ុន្តែជនដែលបាញ់កាំភ្លើងបានរត់គេចបាត់ពីកន្លែងកើតហេតុ។

វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ចំនួន០៣ថង់ ទម្ងន់៣,១០ក្រាម, ថ្នាំគ្រាប់ពណ៌ផ្កាឈូក រាងសំប៉ែតមានអក្សរ WY ចំនួន១៥គ្រាប់ ទម្ងន់១,៤០ក្រាម សង្ស័យមានសារធាតុញៀន, ទូរស័ព្ទដៃចំនួន០៧គ្រឿង, បង់កាំភ្លើងវែង ចំនួន០២, សំបកកន្ទុះគ្រាប់ប្រភេទ Ak ៤៧ ចំនួន២គ្រាប់ទើបបាញ់ហើយ, ដែកចុងអាវុធវែង០១កំណាត់ រួមទងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ជនបាញ់បោះដោយសេរីមកចាត់ការតាមផ្លូវច្បាប់ ។ រីឯជនសង្ស័យដែលឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកា ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

rngmedia
Share.