កំពង់ស្ពឺ ៖ ផ្ទះពលរដ្ឋចំនួន៣ខ្នង ផ្សេងគ្នា ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ នៅវេលាអធ្រាត្រចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ផ្ទះ២ខ្នងជាប់គ្នានៅភូមិ១ ឃុំត្រែងត្រតឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយសារដុតទៀតទុកចោល ដួលរលំឆាបឆេះ និងមួយខ្នងទៀត នៅភូមិត្រពាំងទម្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយសារទុស្សេខ្សែភ្លើង បណ្តាលឲ្យស្លាប់ម្នាក់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ កើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិទី១ ឃុំត្រែងត្រ យឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផ្តើមចេញពីម្ចាស់ដុតទៀនទុកចោល ហើយដេកលង់លក់បាត់ បណ្តាលឲ្យដួលរលំភ្លើងឆេះរាល ផ្ទះឈើប្រក់ក្បឿង ថ្មក្រោម ទំហំ៨ម៉ែត្រx១៤ម៉ែត្រ មានម្ចាស់ឈ្មោះ ណុក ចន្ថា ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ឃួន ស្រីនាថ អាយុ៣៦ឆ្នាំ រស់នៅផ្ទះកើតហេតុ ។ ហើយភ្លើងឆេះរាលដល់ផ្ទះមួយខ្នងទៀត សង់ពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx១២ម៉ែត្រ នៅជាប់គ្នា បណ្តាលឲ្យរងខូចខាតអស់ទ្រព្យសម្បត្តិ ដែលមានម្ចាស់ឈ្មោះ មឿន រុន ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

ករណីទី២ កើតឡើងនៅចំណុចភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផ្តើមចេញពីទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះផ្ទះមួយខ្នងសង់ពីឈើ ប្រក់ក្បឿង ទំហំ៥ម៉ែត្រx៧ម៉ែត្រ មានម្ចាស់ឈ្មោះ សយ រ៉ា ភេទស្រី អា យុ៤៩ឆ្នាំ មុខរបរ កសិករ រងខូចខាតទាំងស្រុង បណ្តាលឲ្យកូនប្រុសឈ្មោះ ឡេង ណារ៉ាត់ អាយុ២៣ឆ្នាំ (វិកលចរិត) បានស្លាប់ក្នុងភ្នក់ភ្លើង ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះ ២កន្លែងផ្សេងគ្នាខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាន រថយន្តរបស់ស្នងការខេត្ត រថយន្តអាវុធហត្ថខេត្ត ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ការពារឆេះរាលទៅផ្ទះផ្សេងទៀត ៕


អត្ថបទ៖ តាតុងសែនជ័យ

