មន្ត្រីជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)ខេត្តបន្ទាយមានជ័យ បានសម្រេចកិនកម្ទេចចោលស្រាថ្នាំ តាំង គួយ ជិត៣ម៉ឺនដប ដែលជាប្រភេទស្រាថ្នាំមានជាតិពុលបង្កឲ្យមនុស្សទទួលទានស្លាប់ជិត10នាក់។
ការកិនម្ទេចចោលស្រាថ្នាំទាំងនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី17 ខែមិថុនា ឆ្នាំ 2021 នៅមន្ទីរពិសោធន៍ខ្នាតតូច ក.ប.ប ខេត្តបន្ទាយមានជ័យ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ស្រាថ្នាំ តាំង គួយនេះ ត្រូវបានប្រមូលនៅតាមទីផ្សារ តាមតូបនិង ផ្ទះដែលបានដាក់តាំងលក់ នៅក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ក្នុងខេត្តបន្ទាយមានជ័យ មានចំនួន 2 313យួរ ស្មើនឹង 27 756ដប ស្មើ 13 878លីត្រ កាលពីអំឡុងខែមិថុនា ឆ្នាំ2020 កន្លងទៅ។
បើតាមសមត្ថកិច្ចស្រានេះ មានសារធាតុមេតាណុលខ្ពស់ហួសកម្រិតដល់ទៅ14% ដែលមេតាណុលនេះ អាចដាក់បានតែក្រោម0.2%ប៉ុណ្ណោះ។ ដោយសារសារធាតុមេតាណុលលើសកម្រិតបង្កឲ្យមានសារធាតុពុល ធ្វើឲ្យមនុស្សដែលទទួលទានស្លាប់ 07នាក់ ក្នុងនោះមានជនជាតិថៃ01នាក់បានស្លាប់ និងមានអ្នករងរបួសជាច្រើននាក់ នៅក្នុងខេត្តបន្ទាយមានជ័យនាពេលកន្លងមក។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប បានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្រាវជ្រាវ ប្រមូលស្រាថ្នាំតាំងគួយរួចមក ដោយមានការឯកភាពពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ អនុញ្ញាតឲ្យបំផ្លាញចោលស្រាថ្នាំស្របតាមនីតិវិធី ទើបមន្ត្រីជំនាញ ក.ប.ប សម្រេចយកមកកិនបំផ្លាញចោល។
លោកស្រី រស់ សុផានី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងកោតសរសើរដល់មន្ត្រីជំនាញ សាខាក.ប.ប ខេត្តបន្ទាយមានជ័យ ដែលបានខិតខំស្រាវជ្រាវប្រមូលទប់ស្កាត់ ស្រាថ្នាំ តាំង គួយ ដែលមានសាធាតុពុលធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់នាពេលកន្លងមក។

បើតាមអភិបាលរងខេត្តបន្ទាយមានជ័យ ជានិច្ចកាល មន្ត្រីជំនាញ សាខា ក.ប.ប បានខិតខំចុះពិនិត្យដកហូតរាល់ទំនិញដែលខូចគុណភាព ឬបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សដើម្បីធានាបាននូវសុវត្ថភាពចំណីអាហារជូនប្រជាពលរដ្ឋនៅក្នុងខេត្ត៕

អត្ថបទ៖ប៉ោយប៉ែត
