សិល្បៈជាតិ៖ ដោយសម្លឹងឃើញទីផ្សារភាពយន្តខ្មែរនាសព្វថ្ងៃនេះកាន់តែទូលំទូលាយ ផលិតកម្ម Wonder​ Film​ បានចំណាយទុនមួយដុំធំដើម្បីផលិតភាពយន្តខ្មែរដែលមានគុណភាព និងកម្រិតស្ដង់ដារអន្តរជាតិ។ ផលិតកម្មនេះ បានត្រៀមបញ្ចេញស្នាដៃភាពយន្តថ្មីៗជាច្រើនរឿង នៅឆ្នាំ២០២៣ខាងមុខ ដើម្បីបំបែកទីផ្សារភាពយន្តឡើងវិញ។

អ្នកនាង លិញ លិញ នាយករដ្ឋបាលផលិតកម្ម Wonder Film

តាមការរៀបរាប់របស់អ្នកនាង លិញ លិញ នាយករដ្ឋបាលផលិតកម្ម Wonder Film ឱ្យដឹងថា សព្វថ្ងៃនេះផលិតកម្មបានចាយការផលិតភាពយន្តច្រើនខ្លាំងមែនទែន ព្រោះចង់សម្រិតសម្រាំងស្តង់ដាភាយន្តបែបអន្តរជាតិ ដោយផ្តោតសំខាន់លើបច្ចេកទេសការផលិត ដើម្បីបំពេញចិត្តអ្នកចង់ទស្សនានាពេលបច្ចុប្បន្ននេះផង និងត្រៀមនាំភាពយន្តខ្លួនឆ្ពោះទៅកាន់ឆាកអន្តរជាតិផង។

អ្នកនាង លិញ លិញ បានបង្ហើបទៀតថា ដោយឡែកបច្ចុប្បន្ន Wonder Film មានរឿងថ្មីក្នុងដៃចំនួន ៣ សុទ្ធសឹងជារឿងបែបរន្ធត់ព្រឺព្រួច ត្រៀមនឹងបញ្ចេញលើទីផ្សារនៅឆ្នាំ២០២៣ខាងមុខនេះ។ ក្រៅពីភាពយន្តចំនួន ៣ ដែលបានផលិតរួចហើយនោះ Wonder Film មានចក្ខុវិស័យផលិតភាពយន្តថ្មីៗជាច្រើនទៀតនៅឆ្នាំ២០២៣។

ផលិតកម្ម Wonder Film ក៏បានសិក្សាបច្ចេកទេសផលិតភាពយន្តមួយចំនួនពីបរទេស ដោយមានច្ឆន្ទៈលើកស្ទួយភាពយន្តខ្មែរឱ្យកាន់តែមានគុណភាពមួយកម្រិតទៀត។ ហើយដើម្បីបំពេញចិត្តអ្នកទស្សនាស្របតាមទីផ្សារភាពយន្តបច្ចុប្បន្ននេះ ផលិតកម្មនៅតែបន្តផលិតភាពយន្តបែបលួសព្រលឹង និងពាក់ព័ន្ធជាមួយអបិយជំនឿផងដែរ។

សម្រាប់អ្នកគាំទ្រដែលធ្លាប់បានទស្សនាភាពយន្តរបស់ផលិតកម្ម Wonder Film ប្រាដកណាស់ពិតជាអន្ទះសារចង់ទស្សនាភាពយន្តថ្មីបន្តបន្ទាប់ទៀតនៅដើមឆ្នាំ ២០២៣ខាងមុខនេះ។ សម្រាប់ចំណងជើង និងកាលបរិច្ឆេទនៃការចាក់បញ្ចាំង នឹងជម្រាបជូនតាមក្រោយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការផលិតកម្ម Wonder Film។

Share.