ពីវេទិកាអធិបតីនៃពិធីបើកការដ្ឋានកែលម្អផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត នាព្រឹកថ្ងៃទី២៦​ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាបានបើកកិច្ចប្រជុំមួយដើម្បីរៀបចំយុទ្ធសាស្រ្តក្នុងដំណើរឆ្ពោះទៅកាន់ការដឹកនាំប្រទេសពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨ ហើយដែលក្នុងនោះក៏បានដាក់ចេញយុទ្ធសាស្រ្តបំផ្លាញមីនឱ្យអស់ពីកម្ពុជានៅឆ្នាំ២០២៥ផងដែរ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ការប្រែក្លាយតំបន់អតីតសមរភូមិយោធាដែលមានគ្រាប់មីននិងយុទ្ធភ័ណ្ឌឱ្យទៅជាតំបន់ទេសចរណ៍ និងកសិកម្ម គឺជាគោលដៅចម្បងដែលរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាត្រូវពន្លឿន ពិសេសការដោះមីននៅសេសល់។ សម្ដេចបន្ថែមថា«សូម្បីតែជួ​បជាមួយរដ្ឋមន្រ្តីការពារជាតិរបស់ចិន ក្រៅពីជំនួយរបស់រដ្ឋបាលចិនដែលបានដោះមីន ខ្ញុំក៏បានស្នើឱ្យកងទ័ពចិនជួយដល់កងទ័ពកម្ពុជាដើម្បីបំផ្លាញគ្រាប់មីន»។

មានប្រសាសន៍អំពីការប្ដេជ្ញាចិត្តធ្វើឱ្យអស់មីនត្រឹមឆ្នាំ២០២៥ សម្ដេចបានអះអាងថាផែនការនេះ គឺដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់ប្រជាជន និងដើម្បីផ្ដល់ដីដោយសុវត្ថិភាពសម្រាប់ប្រជាជនបង្កើបង្កើនផល។ សម្ដេចព្រលយថា«នៅខែមករា ឆ្នាំ២០២៣ខាងមុខ គណបក្សប្រជាជនរៀបចំមហាសន្និបាតមួយ ដើម្បីដាក់ចេញយុទ្ធសាស្រ្តដឹកនាំប្រទេសពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨ ក្នុងនោះក៏មានយុទ្ធសាស្រ្តបំផ្លាញ់មីនឱ្យអស់ត្រឹមឆ្នាំ២០២៥ផងដែរ»។

សូមបញ្ជាក់ថាកម្ពុជា​បានកំណត់​​វិសាលភាព​ និង​​ទំហំ​ផលប៉ះពាល់​យ៉ាងច្បាស់​ដោយសារ​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទូទាំង​ប្រទេស​​ ដោយគិត​ត្រឹម​ឆ្នាំ​២០២១ប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលមួយនេះ​នៅសល់​ផ្ទៃដី​មាន​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ២០១៧ ​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ផ្ទៃដី​មាន​មីន៧៨៨ គីឡូម៉ែត្រការ៉េ ដែល​ត្រូវ​បោសសម្អាត​ឱ្យអស់​ត្រឹម​ឆ្នាំ ​២០២៥ កំពុង​នៅសល់​ក្នុង​រាជធានី​ខេត្ត​ចំនួន​ ២៣ ​ទៀត​៕

Share.