ភ្នំពេញ៖បុរសម្នាក់រងរបួសធ្ងន់បាក់ជើងឆ្វេង ខណៈដែលកំពុងឈរមុខផ្ទះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូដេញចាប់អ្នកជល់មាន់ ជ្រុលបុកបណ្តាលឲ្យរងរបួស ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវបេតុងក្រោយផ្សារព្រៃទា ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហុក ណៃ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល រងរបួសបាក់ជើងឆ្វេង ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ឃើញមានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាបល្បែងសុីសងជល់មាន់ តាមគុម្ពចេក ក្នុងភូមិ ពេលនោះក្រោមអ្នកញៀនល្បែង គ្រាន់តែឃើញកម្លាំងនគរបាល នាំគ្នាផ្អើលរត់គេច ឃើញអ្នកជល់មាន់ផ្អើលរត់ គាត់ក៏ចេញពីក្នុងផ្ទះមកឈរមើលគេ នៅខាងមុខផ្ទះ ស្រាប់តែមានម៉ូតូមន្ត្រីនគរបាលប៉ុស្តិ៍មួយគ្រឿង បើកលឿនជ្រុលមកបុកគាត់ទាំងកម្រោល ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រងចាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជាក្រោយ ហើយជនរងគ្រោះអះអាងថា មាន់គកដែលអ្នកលេងធ្លាក់ ក្បែរនោះ មិនមែនមាន់របស់គាត់ហើយ កុំឲ្យមានការភ័ណ្ឌច្រឡំ គាត់មិនមែនជាអ្នកលេងមាន់ជល់ឡើយ ។
ពលរដ្ឋសំណូមពរផងដែរដល់សមត្ថកិច្ច នគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មេត្តាទទួលខុសត្រូវ ក្នុងរឿងហ្នឹងផង ជៀសវាងឆ្លើយថាមិនដឹង ៕
អត្ថបទ៖តាតុង សែនជ័យ
