យុវជនម្នាក់ជិះម៉ូតូក្រោមមេឃរលឹមត្រូវរន្ទះបាញ់ចំកណ្តាលខ្នងបណ្តាលឲ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ អ៊ឹង សុវណ្ណ អធិការនគរបាលរងស្រុកថ្មគោលបានឲ្យដឹងថា មានករណីរន្ទះបាញ់ បានកើតឡើងនៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចក្រុមទី ១៤ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងហេតុការណ៍ធម្មជាតិនោះបណ្តាលឲ្យយុវជនរងរបួសធ្ងន់។ជនរងគ្រោះមានឈ្មោះ សារី ថងឌី ហៅសុខ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅក្នុងក្រុមទី ០៣ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល។
ប្រភពដដែលបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងបក្សពួកចំនួន៤នាក់ បានចេញទៅវាលស្រែដើម្បីបាញ់សត្វ បានបន្តិចស្រាប់តែមេឃស្រទំរកភ្លៀង រួចហើយក៏នាំគ្នាវិលត្រឡប់មកផ្ទះវិញ។ ដល់ពាក់កណ្តាលផ្លូវភ្លៀងក៏ចាប់ផ្តើមធ្លាក់ខ្លាំងទៅៗ ភ្លាមនោះក៏មានរន្ទះបានបាញ់ត្រូវពីក្រោយខ្នងជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកដើម្បីសង្គ្រោះអាយុជីវិត៕

អត្ថបទ៖ដំបង ក្រញូង
